ឆេះរោងចក្រ កាត់ដេរកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះរោងចក្រកាត់ដេរ មួយកន្លែង បណ្ដាលឲ្យរងការខូចខាតសម្ភារៈនិងក្រណាត់ជាច្រេីន ដោយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចជំនាញចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្បែរស្ទុបទួលពង្រ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា រោងចក្រខាងលេីនេះគឺធ្វេីការតែពេលថ្ងៃប៉ុណ្ណោះ រីឯយប់ឡេីងបិទទ្វារចាក់សោរមិនមានកម្មករកម្មការនីធ្វេីការនោះទេ ។ ស្រាប់តែយប់កេីតហេតុក៏មានប្រជាពលរដ្ឋឃេីញផ្សែងខ្មៅហុយចេញពីក្នុងរោងចក្រ ទេីបសង្ស័យថាមានករណីអគ្គីភ័យកេីតឡេីង ក៏ប្រញាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យចុះមកពិនិត្យ និងទាក់ទងទៅផ្នែកមន្ត្រីបង្ការ និងពន្លត់អគ្គីភ័យឲ្យជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលេីភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គីភ័យបានចេញរថយន្ត(ឡានទឹក)ជាច្រេីនគ្រឿង មកពីអង្គភាពផ្សេងៗគ្នា រួមសហការជាមួយប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ធ្វេីការបាញ់ទឹកពន្លត់ យ៉ាងញាប់ដៃ ញាប់ជេីង និងប្រេីពេលវេលាជាង២ម៉ោង ទេីបគ្រប់គ្រងស្ថានការ និងរលត់ទៅវិញ ។
ក្នុងករណីខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស ឬគ្រោះថ្នាក់ឡេីយ ។ ចំពោះមូលហេតុ វិញ សមត្ថកិច្ចជំនាញកំពុងធ្វេីការស្រាវជ្រាវបន្ត ៕ ដោយ ៖ ជីម ភារ៉ា