អំណោយសម្តចក្រឡាហោម ស ខេង និងលោកជំទាវត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ១៣០គ្រួសារស្ថិតក្នុងស្រុកសង្កែខេត្តបាត់ដំបង
ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង កាលពីថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារក្រឡាហោមមនុស្សធម៌ នាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋមានបញ្ហាខ្វះខាតក្នុងជីវភាពចំនួន ១៣០គ្រួសារ ក្នុងឃុំនរាហ៍ ស្រុកសង្កែ និងសង្កាត់ក្តុលដូនទាវ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្រុមការងារក្រឡាហោមមនុស្សធម៌ដែលបានអញ្ជើញចូលរួមនាំអំណោយផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនោះ រួមមានឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម អ៊ុយ រី ឯកឧត្តម សែម ស៊ីណង ឯកឧត្តម ប៊ុត គឹមស៊ាន លោកជំទាវ ញឹក សុគន្ធ លោក អេង ភិរុណ និងមានការចូលរួមសម្របសម្រួលពីអជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ផងដែរ ។
អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវដែលក្រុមការងារក្រឡាហោមមនុស្សធម៌ បានផ្ដល់ជូនប្រជាពលរដ្ឋមានបញ្ហាខ្វះខាតក្នុងជីវភាពនាឱកាសនោះ រួមមានក្នុងមួយគ្រួសារទទួលបានអង្ករ ១ការុង មី ១កេស ត្រីខ ១យួរ ទឹកស៊ីអីវ ទឹកត្រី ១យួរ ទឹកសុទ្ធ ២កេស ម៉ាស់ និងអាល់កុលមួយចំនួនទៀត ៕ ដោយ៖ រ៉ាវុធ