អនុប្រធានាធិបតីអាមេរិក៖ ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ និងសន្តិសុខនៅទូទាំងពិភពលោក
វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីអាមេរិកលោកស្រី ខាម៉ាឡា ហារីស បានអះអាងថា ការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន គឺជាការគំរាមកំហែងមិនត្រឹមតែលទ្ធិប្រជាធិបតេយ្យរបស់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលទ្ធិប្រជាធិបតេយ្យ និងសន្តិសុខនៅទូទាំងអឺរ៉ុប ក៏ដូចជានៅក្រៅប្រទេសផងដែរ។
នៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំនារដូវរងារបស់គណៈកម្មាធិការជាតិប្រជាធិបតេយ្យ (DNC) នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីចុងសប្តាហ៍មុននេះ លោកស្រី ហារីស បាននិយាយដូច្នេះថា មហាសមុទ្រដែលបំបែកពួកយើង នឹងមិនទុកឱ្យយើងបាត់បង់ដោយការឈ្លានពាននេះទេ… ខ្ញុំនឹងនិយាយម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកឈរយ៉ាងរឹងមាំជាមួយប្រជាជនអ៊ុយក្រែន និងក្នុងការការពារសម្ពន្ធមិត្តណាតូ។ ស្របពេលដែលទីក្រុងកៀវ ត្រូវបានគេមើលឃើញថា មានការងប់ងុលខ្លាំងក្នុងការចូលជាសមាជិកអង្គការ NATO នោះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងនាពេលថ្មីៗនេះថា លោកមិនសូវចាប់អារម្មណ៍លើគំនិតនេះទេ ដោយបានចោទប្រកាន់ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះថា មិនបានធ្វើគ្រប់គ្រាន់ដើម្បីគាំទ្រដល់អ៊ុយក្រែន។
ការអះអាងបែបនេះធ្វើឡើងបន្ទាប់ពីណាតូបានច្រានចោលការអំពាវនាវរបស់លោក ហ្សេលេនស្គី សម្រាប់ការបង្កើតតំបន់គ្មានការហោះហើរទូទាំងប្រទេសខ្លួន ដោយលើកហេតុផលថា វានឹងទាញសម្ពន្ធភាពទាំងមូលទៅក្នុងជម្លោះជាមួយរុស្ស៊ី៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា