កម្មវិធីចែកពូជបន្លែ ជូនដល់គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងមានបំណងដាំដុះបន្លែផ្គត់ផ្គង់ជីវភាពគ្រួសារក្នុងស្រុកជីក្រែងខេត្តសៀមរាប
សៀមរាប៖ បើទោះបីមានវិបត្តិសកលនៃជំងឺកូវីដ-១៩ និងការរងផលប៉ះពាល់គ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗយ៉ាងណាក្ដី ក៏អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ-អង្គភាពជំនាញ សាខា-អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត-ក្រុង ស្រុក តែងតែជួយអន្តរាគមន៍ដោះស្រាយរាល់បញ្ហានៅក្នុងមូលដ្ឋានភ្លាមៗ។
លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប បានថ្លែងយ៉ាងដូច្នេះ ក្នុងកម្មវិធីចែកពូជបន្លែ ជូនដល់គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងមានបំណងដាំដុះបន្លែផ្គត់ផ្គង់ជីវភាពគ្រួសារចំនួន ៤៩៥១នាក់ មកពី១២ឃុំ ស្ថិតនៅក្នុងវត្តកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។
លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ចំពោះបញ្ហាជំងឺឆ្លងកូវិដ.១៩ កន្លងមករយ:ពេលជាង២ឆ្នាំហើយ ប្រជាពលរដ្ឋយើងទូទាំងប្រទេសបានជួបការខ្វះខាតយ៉ាងច្រើន មិនថាតែនៅសៀមរាបយើងឡើយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមានការគាំទ្រពីក្រសួង-ស្ថាប័នថ្នាក់ជាតិ សំដៅធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាចំពោះមុខស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក បានបន្តថា ជាក់ស្តែង នាពេលនេះ ខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលមានឯកឧត្ត បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ (ប.ស.ប.ក) បានផ្តល់ និងចែកគ្រាប់ពូជបន្លែចំនួន ៤មុខ និងដំណាំរួមផ្សំផ្សេងៗ សម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋយកទៅដាំដុះដើម្បីទ្រទ្រង់ជីវភាពក្នុងការរស់នៅប្រចាំថ្ងៃ។
ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានលេខាធិការដា្ឋន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា មានប្រសាសន៍សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលនូវពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗនេះ នឹងយកទៅធ្វើការដាំដុះឱ្យបានទាន់ពេលវេលាស្របតាមលក្ខណៈបច្ចេកទេស និងស្នើដល់រដ្ឋបាលស្រុក ឃុំ ភូមិ សូមបន្តជួយផ្តល់នូវគោលការណ៍ណែនាំផ្សេងៗ បន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋដែលទទួលបាននូវពូជបន្លែនេះ បានទទួលនូវផលប្រយោជន៍នៃការដាំដុះនៃពូជទាំងនេះ ក្នុងបំណងស្តារជីវភាពបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងបន្តកិច្ចសហការជាមួយក្រុមការងារគណៈកម្មាធិការ (ប.ស.ប.ក) ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋនៅតាមបណ្តាភូមិ ឃុំ ដទៃៗទៀត។
ឯកឧត្តម បានបញ្ជាក់ថា យើងនឹងចែកបន្តនៅថ្ងៃទី១៧ ខែមីនា ដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនក្នុងក្រុងសៀមរាប ស្រុកបន្ទាយស្រី និងឃុំស្រែណូយនៃស្រុកវ៉ារិនថែមទៀតផងដែរ ៕ ដោយ ស៊ាន សុផាត









