រុស្ស៊ីបណ្តេញអ្នកការទូតអាមេរិកវិញ ដើម្បីសងសឹកនឹងការបណ្តេញបុគ្គលិក ១២នាក់របស់ខ្លួន នៅអង្គការសហប្រជាជាតិ

ម៉ូស្គូ៖ រុស្ស៊ីបានប្រកាសពីការបណ្តេញអ្នកការទូតអាមេរិក ក្នុងចំនួនដែលមិនបានបញ្ជាក់ ដើម្បីជាការឆ្លើយតបទៅនឹងការបញ្ជារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបណ្តេញបុគ្គលិកចំនួន ១២នាក់ចេញពីបេសកកម្មរបស់ទីក្រុងម៉ូស្គូនៅអង្គការសហប្រជាជាតិ។

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅថ្ងៃពុធ ខ្លួនបានកោះហៅអ្នកការទូតជាន់ខ្ពស់នៃបេសកកម្មការទូតអាមេរិកនៅទីក្រុងម៉ូស្គូ ហើយបានប្រគល់ជូនគាត់នូវកំណត់ត្រាមួយ ដែលមានបញ្ជីឈ្មោះបុគ្គលិកការទូតអាមេរិកដែលត្រូវនិរទេស ដោយប្រកាសថា ជា “បុគ្គលដែលមិនទទួលការស្វាគមន៍” (Persona non grata)។

ក្រសួងបានបង្ហើបថា ការសម្រេចចិត្តខាងលើនេះ ជាការសងសឹកចំពោះការបណ្តេញអ្នកការទូតរុស្ស៊ី ចេញពីបេសកកម្មអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក និងបុគ្គលិករុស្ស៊ីម្នាក់ចេញពីលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានជូនដំណឹងដល់ទីក្រុងម៉ូស្គូអំពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការប្រកាសថា អ្នកការទូតរុស្ស៊ីចំនួន ១២នាក់ជាបុគ្គលដែលមិនទទួលការស្វាគមន៍ (Persona non grata) កាលពីចុងខែកុម្ភៈ។ ទន្ទឹមគ្នា សហរដ្ឋអាមេរិកក៏បានអះអាងដែរថា ជនជាតិរុស្ស៊ីដែលត្រូវបានបណ្តេញចេញនោះ បានធ្វើសកម្មភាពចារកម្មដែលប៉ះពាល់ដល់សន្តិសុខជាតិរបស់ខ្លួន៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner