កម្មករ-កម្មការិនី ក្រុមហ៊ុន ឃែនធើរេន អឹបភែរឹល ធ្វើការតវ៉ាបិទផ្លូវ បន្ទាប់ពីក្រុមហ៊ុន មិនគោរពការកិច្ចសន្យា
ភ្នំពេញ ៖ ក្រុមកម្មករ-កម្មការិនី ក្រុមហ៊ុន ឃែនធើរេន អឹបភែរឹល ជាង៤០០នាក់ បានលើកនាំគ្នាធ្វេីការបិទផ្លូវសាធារណៈ ដើម្បីតវ៉ាបន្ទាប់ពីតំណាងក្រុមហ៊ុន លួចដឹកអីវ៉ាន់ចេញមិនគោរពតាមកិច្ចសន្យា។ ការបិទផ្លូវតវ៉ានេះ បានធ្វេីឡេីងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ នៅចំណុចមុខរោងចក្រ ក្រុមហ៊ុន ឃែនធើរេន អឹបភែរឹល ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីចោមចៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមតំណាងកម្មករ បានបញ្ជាក់ថា មូលហេតុ នៃការបិទផ្លូវម្តងទៀតនេះ គឺដោយសារតែក្រុមហ៊ុន មិនគោរពតាមកិច្ចសន្យា លួចដឹកអីវ៉ាន់ចេញ ខណៈដែលបងប្អូនកម្មករ កម្មការិនីឈប់សម្រាកនៅថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ទេីបត្រឡប់មកវិញ ក៏នាំគ្នាបិទផ្លូវសាជាថ្មី ដេីម្បីឱ្យអាជ្ញាធរពាក់ព័ន្ធជួយធ្វើការអន្តរាគមន៍។
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ចំពោះការបិទផ្លូវកាលពីព្រឹកមិញ នៅមុខក្រុមហ៊ុន ឃែនធើរេន អឹបភែរឹល បានបើកឱ្យដំណើរការដូចធម្មតាវិញហើយ។ លោក បន្តទៀតតថា នៅវេលាម៉ោង១៤ និង ៣០នាទី ថ្ងៃទី២០ មេសា ភាគីកម្មករ និងតំណាងក្រុមហ៊ុន នឹងអញ្ជើញមកធ្វើការសម្របសម្រួលគ្នា នៅសាលាខណ្ឌពោធិ៍សែនជ័យ។
សូមបញ្ជាក់ថា ទីតាំងរោងចក្រខាងលេីនេះ កន្លងមកក៏ធ្លាប់មានកម្មករកម្មការិនី ធ្វេីបាតុកម្មបិទផ្លូវម្តងជាពីរដងរួចមកហេីយ ដោយសារក្រុមហ៊ុន មិនបេីកប្រាក់បៀវត្សទៀងទាត់ ហេីយលួចដឹកអីវ៉ាន់ចេញពីក្រុមហ៊ុន។ ក្រោយពីមានការបិទផ្លូវ មិនឱ្យធ្វើចរាចរណ៍ បង្កការកកស្ទះមក ក៏មានអាជ្ញាធរមូលដ្ឋាន ចុះមកធ្វេីការសម្របសម្រួល និងឱ្យក្រុមហ៊ុនធ្វេីកិច្ចសន្យាបញ្ឈប់ការដឹកអីវ៉ាន់ចេញរយៈពេល៦ខែ ពោលគឺដោះស្រាយប្រាក់បៀវត្សជូនកម្មករ កម្មការិនីរួចរាល់សិន ទេីបអាចដឹកចេញបាន៕ ដោយ ៖ ឆៃហួត