ផែនការទិញប្រេងថោកៗពីរុស្ស៊ីរបស់ឥណ្ឌូណេស៊ី ប្រឈមនឹងសម្ពាធពីជំហររបស់បស្ចិមលោក
ផែនការរបស់ឥណ្ឌូនេស៊ីក្នុងការទិញប្រេងពីរុស្ស៊ី ដែលរងទណ្ឌកម្មជុំទិសពីបស្ចិមលោកក្រោយការឈ្លានពានអ៊ុយក្រែន បានបញ្ឆេះឱ្យមានការជជែកដេញដោយគ្នាជុំវិញពីជំហររបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ លើការឆ្លើយតបទៅនឹងវិបត្តិពិភពលោក។
ឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជាធិបតេយ្យធំជាងគេទី៣របស់ពិភពលោក ចង់ទិញប្រេងក្នុងតម្លៃថោកៗពីប្រទេសកុម្មុយនីស្តរុស្ស៊ីដែលរងទណ្ឌកម្មសេដ្ឋកិច្ចជុំទិស ដើម្បីទប់ទល់នឹងកំណើនអតិផរណា។ ប៉ុន្តែការរកស៊ីជួញដូរលើវិស័យថាមពលជាមួយក្រុងម៉ូស្គូ ត្រូវបានអ្នកវិភាគមើលឃើញថា នឹងគ្រាន់តែជួយឱ្យមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាន់តែសប្បាយចិត្តនឹងការឈ្លានពានអ៊ុយក្រែនប៉ុណ្ណោះ។
ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) ឥណ្ដូណេស៊ីបានផ្ដល់អាទិភាពលើបញ្ហាក្នុងស្រុក ជាជាងការព្រួយបារម្ភលើបញ្ហាសកល ដោយផ្ដោតលើការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការកសាងឧស្សាហកម្មកែច្នៃរ៉ែរបស់ប្រទេស។ ប៉ុន្តែក្នុងនាមឥណ្ដូណេស៊ីជាប្រធានកិច្ចប្រជុំ G-២០ នាសប្ដាហ៍ លោក វីដូដូ កំពុងមានអារម្មណ៍ថារងសម្ពាធបន្ថែមមួយចំនួន ទាក់ទងនឹងគោលនយោបាយមិនប្រាកដប្រជារបស់រដ្ឋាភិបាលរបស់លោក។
នាពេលកន្លងមក ក្រសួងថាមពលឥណ្ឌូនេស៊ីនិយាយថា ឥណ្ឌូនេស៊ីមិនបាននាំចូលប្រេងពីរុស្ស៊ីទេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែកាលពីចុងខែមីនា អ្នកស្រី Nicke Widyawati ដែលជានាយិកាប្រតិបត្តិនៃក្រុមហ៊ុនរកស៊ីប្រេង និងឧស្ម័នធម្មជាតិរដ្ឋឥណ្ឌូណេស៊ី បានស្វែងរកការអនុញ្ញាតពីសមាជិកសភា ដើម្បីទិញប្រេងពីរុស្ស៊ីក្នុង «តម្លៃគួរសម»។
អ្នកស្រីនិយាយក្នុងសម័យប្រជុំសភានាពេលនោះថា៖ «តាមនយោបាយ វាមិនមានបញ្ហាទេ ដរាបណាក្រុមហ៊ុនដែលយើងកំពុងដោះស្រាយមិនរងដាក់ទណ្ឌកម្ម។ យើងក៏បានពិភាក្សាផងដែរ អំពីការរៀបចំការទូទាត់ ដែលអាចឆ្លងកាត់ប្រទេសឥណ្ឌា»។
លោក Yuddy Chrisnandi សាស្ត្រាចារ្យ និងជាអតីតឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅអ៊ុយក្រែន និយាយប្រាប់កាសែត Nikkei ថា ការទិញប្រេងពីរុស្ស៊ីនឹងមានន័យថា «ប្រទេសនេះកំពុងជួយដោយប្រយោលក្នុងការទិញគ្រាប់កាំភ្លើង គ្រាប់បែក សម្ភារៈទាំងអស់ និងម៉ាស៊ីនសង្រ្គាម ដើម្បីជួយបន្តការឈ្លានពាន[របស់រុស្ស៊ី]»។
ប៉ុន្តែក្រុមអ្នកប្រឆាំងនឹងគំនិតបែបនេះ យល់ថា ការទិញប្រេងពីរុស្ស៊ីគឺជាគំនិតដ៏ល្អ និងជាផលប្រយោជន៍របស់ប្រជាជនឥណ្ឌូណេស៊ី ហើយប្រទេសនេះមិនត្រូវរងគាបសង្គត់ពីការរិះគន់របស់បស្ចិមលោកនោះទេ។
លោក Bhima Yudhistira សេដ្ឋវិទូនៅមជ្ឈមណ្ឌលសិក្សាសេដ្ឋកិច្ច និងច្បាប់ក្នុងក្រុងហ្សាកាតា និយាយថា ផែនការទិញប្រេងថោកពីរុស្ស៊ីគឺជា «ការសម្រេចចិត្តដោយឆ្លៀតឱកាស»។ លោកបន្តថា៖ «ឥណ្ឌូណេស៊ីគួរតែទាញយកផលប្រយោជន៍ពីនយោបាយសេរី និងសកម្មរបស់ខ្លួន។ ឥណ្ឌូនេស៊ីពិតជាត្រូវការប្រេងថោក ជាពិសេសប្រសិនបើតម្លៃប្រេងបន្តកើនឡើងលើសពី ១០០ ដុល្លារ/បារ៉ែល»។
ខណៈដែលសំណើររបស់អ្នកស្រី Widyawati នៅមិនទាន់បានភ្លើងខៀវពីរដ្ឋាភិបាល ក្រុមហ៊ុន Pertamina បានធ្វើការលើគម្រោងចម្រាញ់ប្រេងរួមគ្នាដែលចំណាយរហូតដល់ ១៣ ប៊ីលានដុល្លារនៅក្នុងតំបន់ Tuban នៃខេត្តជ្វាខាងកើត ជាមួយក្រុមហ៊ុនថាមពលរុស្ស៊ី Rosneft រាប់តាំងពីឆ្នាំ២០១៦មក។
អ្នកស្រី Widyawati និយាយនាពេលថ្មីៗនេះថា ការទិញយកដី និងការឈូសឆាយ ក៏ដូចជាការងាររចនាវិស្វកម្មខាងមុខកំពុងបន្ត បើទោះបីជាមានទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្មប្រឆាំងនឹងរុស្ស៊ី និងក្រុងហ៊ុនប្រេងកាតរុស្ស៊ី ពីលោកខាងលិចក្ដី។
លោក Kadek Ambara Jaya ប្រធានគម្រោងបណ្តាក់ទុនរួមនៃក្រុមហ៊ុន Pertamina-Rosneft និយាយកាលពីខែមុនថា៖ «តម្រូវការសម្រាប់រោងចក្រចម្រាញ់ប្រេងនៅតំបន់ Tuban គឺជារឿងបន្ទាន់ ព្រោះវាមិនសម្រាប់តែក្រុមហ៊ុន Pertamina ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផលប្រយោជន៍ជាតិ ដើម្បីកុំឱ្យពឹងផ្អែកលើការនាំចូលផលិតផលប្រេងផងដែរ»។
ងាកទៅទំនោរចង់នាំចូលប្រេងពីរុស្ស៊ីវិញ អ្នកស្រី Yuri Sato អ្នកជំនាញស្រាវជ្រាវនៅវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និយាយថា ជំហាននេះនឹងជួយបន្ថយបន្ទុកនៃតម្លៃប្រេងសាំង។ អ្នកស្រីបន្តថា៖ «ឥណ្ឌូណេស៊ីរក្សាជំហរអព្យាក្រឹតដោយឈរលើច្បាប់អន្តរជាតិ ដោយមិនប្រកាន់ភាគីនៃមហាអំណាចណាមួយឡើយ និងប្រកាន់ជំហរលើសេរីភាពក្នុងការសហការសេដ្ឋកិច្ចជាមួយប្រទេសណាមួយ»។
នាពេលនេះ ការកើនឡើងនៃតម្លៃប្រេង ដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន ធ្វើឱ្យប៉ះពាល់ខ្លាំងដល់អ្នកបើកបរ និងអ្នកប្រើប្រាស់ថាមពលផ្សេងទៀតរបស់ឥណ្ឌូណេស៊ី។ វិបត្តិនេះ នឹងជំរុញបន្ថែមទៀតនូវអត្រាអតិផរណារបស់ប្រទេស ពី ២,៦៤ ភាគរយក្នុងខែមីនា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយ។
លោក Indermit Gill អនុប្រធានសម្រាប់កំណើនសមធម៌ ហិរញ្ញវត្ថុ និងស្ថាប័នរបស់ធនាគារពិភពលោក សរសេរក្នុងប្លុករបស់លោកចុះផ្សាយកាលពីខែមុនថា ប្រសិនបើតម្លៃប្រេងឡើងខ្ពស់នៅតែបន្ត អត្រានៃកំណើនសេដ្ឋកិច្ច និងប្រទេសផ្សេងៗទៀតដែលនាំចូលប្រេងច្រើន នឹងត្រូវថយចុះ។
តម្លៃប្រេងឡើងថ្លៃ អាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងនយោបាយការបរទេសរបស់ឥណ្ឌូណេស៊ី ដែលនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ G-២០ ដែលជាឱកាសដ៏កម្រមួយរបស់ខ្លួនដើម្បីលើកមុខមាត់លើឆាកអន្តរជាតិ និងការទទួលស្គាល់ថាជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស និងប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យដ៏ធំ។
វិបត្តិនៅអ៊ុយក្រែន ធ្វើឱ្យឱកាសកម្រនេះល្អក់កករ ខណៈប្រទេស G-២០ ភាគច្រើនសុទ្ធតែថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី លើកលែងតែសមាជិកមួយចំនួនដូចជាចិន និងឥណ្ឌា ហើយអាមេរិក ដែលជាមេទណ្ឌកម្មដ៏ធំ ធ្វើពហិការមិនចូលរួមកិច្ចប្រជុំមួយចំនួនរបស់ G-២០ ដែលនឹងប្រព្រឹត្តទៅនាសប្ដាហ៍នេះ ដើម្បីប្រឆាំងនឹងរុស្ស៊ី។ ប៉ុន្តែលោក វីដូដូ ធ្លាប់និយាយពីវត្តមានរុស្ស៊ីក្នុងកិច្ចប្រជុំនេះថា៖ «[ G-២០]គឺការប្រមូលផ្តុំគ្នាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច» និងមិនមែនជាកន្លែងនយោបាយទេ។
ការសម្រេចចិត្តចង់ទិញប្រេងថោកពីរុស្ស៊ីរបស់ក្រុមហ៊ុនប្រេងរដ្ឋឥណ្ឌូណេស៊ី Pertamina ទំនងជាមានការប៉ះទង្គិចគ្នារវាងជំហរជាមួយសហរដ្ឋអាមេរិក និងរដ្ឋាភិបាលអ៊ឺរ៉ុប ដែលដាក់ទណ្ឌកម្ម និងបម្រាមវិនិយោគមិនធ្លាប់មានពីមុនមក លើរុស្ស៊ី ដើម្បីឱ្យបញ្ឈប់ការឈ្លានពាន។
យ៉ាងណាមិញ ឥណ្ឌូណេស៊ីមិនមែនជាប្រទេសតែ១ ដែលចង់រក្សាទំនាក់ទំនងថាមពលជាមួយរុស្ស៊ីនោះទេ។ ជប៉ុន ដែលថ្កោលទោសក្រុងម៉ូស្គូដាច់អហង្ការនោះ ក៏មិនបានលុបចោលគម្រោងរកប្រេងកាតជាមួយរុស្ស៊ីរបស់ខ្លួន ខណៈឥណ្ឌាពិចារណាបន្ថែមការទិញប្រេងបញ្ចុះតម្លៃពីរុស្ស៊ី។ នេះមិនរាប់បញ្ចូលប្រទេសក្នុងសហភាពអឺរ៉ុបភាគច្រើន ដែលពឹងផ្អែកយ៉ាងខ្លាំងលើថាមពលប្រេង និងឧស្ម័នធម្មជាតិរបស់រុស្ស៊ី ជាពិសេសអាល្លឺម៉ង់ ផង។
ទោះបីយ៉ាងនេះក្ដី លោកសេដ្ឋវិទូ Yudhistira និយាយថា ឥណ្ឌូណេស៊ី គួរតែបន្តដាក់សម្ពាធលើរុស្ស៊ី ដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ព្រោះការបញ្ចប់សង្រ្គាមនឹងនាំឱ្យតម្លៃប្រេងឆៅធ្លាក់ចុះដោយស្វ័យប្រវត្តិ ហើយវាជាជម្រើសល្អជាងការទិញប្រេងបញ្ចុះតម្លៃ ដែលអ៊ុយក្រែនហៅថា «ប្រេងប្រឡាក់ឈាម»។
ប្រភព៖ Asia Nikkie