ការប្រកួតកីឡាយានយន្ត GCC ជើងឯក ឆ្នាំ២០២២ គ្រោងនឹងធ្វើនៅចុងខែឧសភានេះ
សហព័ន្ធកីឡាយានយន្តកម្ពុជាបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតកីឡាប្រណាំងយានយន្ត GCC ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ ដោយប្រកាសទទួលការចុះឈ្មោះពីថ្ងៃនេះតទៅរហូតដល់កៀកថ្ងៃប្រកួត ដែលមានចំនួន៣ជុំ។
លោក ខៃ វណ្ណៈ អគ្គលេខាធិការរង សហព័ន្ធកីឡាយានយន្តកម្ពុជាបញ្ជាក់ថា ការចុះឈ្មោះទទួលកីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែងជើងឯកប្រចាំឆ្នាំ២០២២នេះ មិនកំណត់ចំនួននោះទេ ប៉ុន្តែកីឡាករ កីឡាការិនី ដែលចូលរួមលុះត្រាតែមានអាជ្ញាប័ណ្ណប្រណាំងយានយន្ត ហើយត្រូវតែមានក្លិប ឬក្រុម ដើម្បីចុះឈ្មោះចូលរួមប្រកួត។ ការប្រកួតនេះគ្រោងនឹងធ្វើឡើងចំនួន៣ជុំ គឺជុំទី១ ធ្វើឡើងនាថ្ងៃទី២៨-២៩ ខែឧសភា, ជុំទី២ ធ្វើឡើងនាខែតុលា និងជុំទី៣ គ្រោងនឹងធ្វើនាខែធ្នូ ខាងមុខ។
លោក Zeus Lem តំណាងក្រុម GCC Cambodia ដែលជួយឧបត្ថម្ភដល់ការប្រកួតចំនួន ១ម៉ឺនដុល្លារនេះ គឺដោយលោកមើលឃើញពីសក្តានុពលវិស័យកីឡាយានយន្តនៅកម្ពុជាកាន់តែបោះជំហានទៅមុខ ហើយលោកចង់ឃើញកីឡាករអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរផងដែរ៕ ចាន់ វិចិត្រ









