កិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្ដីពីកិច្ចការពារពិនិត្យបញ្ជីឈ្មោះចុះឈ្មោះបោះឆ្នោត ថ្នាក់ជាតិ ក្រោមជាតិប្រចាំឆ្នាំ២០២២ ២០២៤
បន្ទាយមានជ័យ ៖ យោងសេចក្ដីសម្រេចលេខ ១១ សសរ ចុះថ្ងៃទី០១ ខែមិនា ឆ្នាំ២០២២ ស្ដីពីការបង្កើតលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតចាប់ពីឆ្នាំ ២០២២ ដល់ ២០២៤ ដោយពិនិត្យតាមការចាំបាច់នោះរដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃពុធទី៤ ខែឧសភា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្ដីពីកិច្ចការពារពិនិត្យបញ្ជីការចុះឈ្មោះបោះឆ្នោត ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិប្រចាំឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា កម្លាំងមានសមត្ថកិច្ច គ្រប់ប្រភេទគឺឈរលើគោលការណ៍អព្យាក្រឹត្យ និងក្រមសីលធម៌សម្រាប់ចូលរួមការពារសន្តិសុខ ក្នុងការបោះឆ្នោត ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសកម្លាំងសមត្ថកិច្ចត្រៀម ការពារសន្តិសុខក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំណត់យកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោត ។
លោក សិទ្ធិ ឡោះ បន្តថា មុខសញ្ញាគោលដៅដែលត្រូវការពារ យន្តការនិងរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត ត្រូវចាត់ចែងភ្នាក់ងារសន្តិសុខបោះឆ្នោត ការពារមុខសញ្ញានិងគោលដៅសំខាន់ៗ តាមសំណូមពរចាំបាច់របស់ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ចំពោះមុខសញ្ញាឬគោលដៅខ្លះ គួរត្រូវបានរៀបចំការពារជារួម។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខប្រកបដោយភាពស្វាហាប់ ក្រោមម្លប់សន្តិភាព ធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋ បើទោះបីជាព្រះរាជាណាចក្រកម្ពុជា កំពុងតែសកម្មផុលផុសក្នុងការបង្ការ ទប់ស្កាត់ប្រយុទ្ធនឹងជំងឺឆ្លងរាតត្បាតកូវីដ19 ក៏ដោយ។
ឯកឧត្តមបន្តថា អនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) ត្រូវអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ការផ្ដល់សុពលភាពបញ្ជីបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិថ្នាក់ក្រោមជាតិ តាមនីតិកាល និងអាណត្តិនីមួយៗជាបន្តបន្ទាប់ ដែលដំណើរការរៀបចំនេះត្រូវចាប់ផ្ដើមពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ មានដូចតទៅ_ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ (នៅថ្ងៃអាទិត្យទី ០៥ ខែមិថុនាឆ្នាំ ២០២២)។
_ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ (ដើម្បីរៀបចំបញ្ជីបោះឆ្នោតបម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧)។
_ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣។
_ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣។
_ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ២០២៤។
_ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី ៤ ឆ្នាំ២០២៤ ៕
ដោយ៖ឃិន គន្ធា