កូរ៉េខាងជើងបិទខ្ទប់ប្រទេសភ្លាមៗ ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ-១៩ដំបូង
ព្យុងយ៉ាង៖ កូរ៉េខាងជើងបានសម្រេចបិទខ្ទប់ប្រទេសទាំងមូល ក្រោយមេរោគបំប្លែងថ្មីអូមីក្រុងត្រូវបានរាយការណ៍នៅក្នុងទីក្រុងព្យុងយ៉ាង ដែលនេះជាការទទួលស្គាល់ផ្លូវការជាលើកដំបូងបំផុតពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ ចាប់តាំងពីជំងឺឆ្លងរាតត្បាតសកលផ្ទុះឡើងមក។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹង នាថ្ងៃទី១២ ឧសភា ថា ប្រជាជនក្នុងទីក្រុងព្យុងយ៉ាង បានឆ្លងមេរោគអូមីក្រុង ប៉ុន្តែមិនបានបញ្ជាក់អំពីចំនួន ករណី ឬប្រភពនៃការឆ្លងនៅឡើយទេ ដោយគ្រាន់តែបង្ហើបថាការប្រមូលសំណាកអ្នកជំងឺធ្វើឡើងកាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅ។
ភ្លាមៗបន្ទាប់ពីការរកឃើញមេរោគនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកោះប្រជុំសមាជិកគណបក្សពលករ ដើម្បីពិភាក្សា អំពីការឆ្លើយតបចំពោះការផ្ទុះឡើង នៃជំងឺឆ្លងនេះដោយចេញបញ្ជាឲ្យបិទខ្ទប់ទីក្រុង និងស្រុកទំាងអស់ទូទាំងប្រទេសយ៉ាងតឹងរ៉ឹង រួមទាំង ការចល័តក្រុមការងារផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តសង្រ្គោះបន្ទាន់ផងដែរ ៕ ប្រែសម្រួល៖ សារ៉ាត