កម្លាំង​​រុស្ស៊ី​​ដក​​ថយ​ ខណៈ​អ៊ុ​យក្រែន​​ទំនង​​​ជា​​ឈ្នះ​​សមរភូមិ​​​នៅ​ក្រុង​ខាកៀវ​

វិទ្យាស្ថាន​សិក្សា​សង្គ្រាម​ (ISW) ​​របស់​​អាមេរិក​​​និយាយ​​​ថា​ អ៊ុយក្រែន​ទំនង​ជា​​​ឈ្នះ​​សមរភូមិ​នៅ​ក្រុង​ខាកៀវ​ ​ខណៈ​យោធា​រុស្ស៊ី​​ដក​ខ្លួន​ចេញ​ពី​ទីតាំង​​ជុំ​វិញ​ទី​ក្រុង​ធំ​ទី​២​របស់​អ៊ុយក្រែន​មួយ​នេះ​ ដោយ​សារ​ការ​វាយ​លុក​របស់​អ៊ុយក្រែន​ និង​លទ្ធភាព​នៃ​ការ​ពង្រឹង​កម្លាំង​ដែល​មាន​កម្រិត​។​

តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ញូវយ៉ក​ផុស្តិ៍​ វិទ្យាស្ថាន​ ISW ​​និយាយ​ថា​ អង្គភាព​​រុស្ស៊ី​​មិន​​អាច​​ទប់​ទល់​នឹង​ក្រុមយុ​ទ្ធជន​អ៊ុយក្រែនបាន​ទេ​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​​ ហើយ​ត្រូវ​បាន​រារាំង​ដោយ​ការ​ឡោមព័ទ្ធ​ទីក្រុង​​​។

យោធា​អ៊ុយក្រែន​​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ នៅ​ពេល​ដែល​ពួក​រុស្ស៊ី​ ពួក​គេ​បាន​បន្ត​ទម្លាក់​គ្រាប់​បែក​នៅ​តំបន់​ដុនណេតស្ក៍​ ​ដើម្បី​ «​បំផ្លាញ​កង​កម្លាំង​ និង​បំផ្លាញ​បន្ទាយ​អ៊ុយក្រែន​»​។​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​ លោក ​Oleksii Reznikov ​​និយាយ​ថា​ ប្រទេស​នេះ​កំពុង​ចូល​ដល់​ដំណាក់​កាល​ថ្មី​នៃ​សង្គ្រាម​រយៈ​ពេល​វែង​។​

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​២​ថ្ងៃ​ បន្ទាប់​ពី​​អ៊ុយក្រែន​យកឈ្នះ​​រុស្ស៊ី​ដែល​ព្យាយាម​ឆ្លង​​ទន្លេ​ Siverskiy Donets ​​ប្រហែល​ ២៥​ ម៉ាយ​ភាគ​ខាង​កើត​នៃ​ទីក្រុង​ខាកៀវ​។​ ការ​ប្រយុទ្ធ​បាន​បញ្ចប់​ដោយ​រថក្រោះ​រុស្ស៊ី​ និង​ឧបករណ៍​យោធា​ផ្សេង​ទៀត​ ត្រូវ​បាន​បំផ្លិច​បំផ្លាញ​​ ទុក​ចោល​ពាស​ពេញ​ទន្លេ​។​  ទូរទស្សន៍​ CNN ​​រាយ​ការណ៍​ថា​ កង​កម្លាំង​អ៊ុយក្រែន​បាន​ចល័ត​ចូល​ទៅ​ក្នុង​ភូមិ​មួយ​ចំនួន​​ជុំ​វិញ​ទីក្រុង​ខាកៀវ​ ដែល​រុស្ស៊ី​គ្រប់​គ្រង​តាំង​ពី​ចាប់​ផ្ដើម​ឈ្លាន​ពាន​ដំបូង​ៗ​។ ​

អភិបាល​ក្រុង​ខាកៀវ​ លោក​ Ihor Terekhov ​និយាយ​ប្រាប់​សារព័ត៌មាន​ថា​ ទ័ព​រុស្ស៊ី​បាន​ដក​ខ្លួន​ចេញ​ពី​ទី​ក្រុង​ ហើយ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ព្រំដែន​រុស្ស៊ី​។​ ​លោក​និយាយ​ថា​៖​ ​​«​រុស្ស៊ី​​ផ្លោង​គ្រាប់​ឥត​ឈប់ឈរ​នៅ​ខាកៀវ​ ​ពីព្រោះ​ពួក​គេ​នៅ​ជិត​ទីក្រុង​​​។​ ឥឡូវ​​នេះ​​វា​​ស្ងប់​​ស្ងាត់​​ហើយ​ ហើយ​​មនុស្ស​​កំពុង​​ត្រឡប់​​មក​នៅ​​ទីក្រុង​​វិញ​​ជា​​បណ្តើរ​ៗ​។​ យើង​ផ្តល់​ការ​ផ្គត់​ផ្គង់​ទឹក​ ហ្គាស​ និង​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​។​ តែ​ជា​អកុសល​ អគារ​លំនៅ​ដ្ឋាន​ជាច្រើន​ត្រូវ​បាន​បំផ្លាញ​ ឬ​ខូច​ខាត​»។​​ ​

ដោយ​ឡែក​​ប្រធាន​​ផ្នែក​​ស៊ើបការណ៍​​យោធា​​​អ៊ុយក្រែន​ ឧត្តមសេ​នីយ៍​ Kyrylo Budanov ​​និយាយ​​​ថា​ ​សង្គ្រាម​​កំពុង​​ដំណើរ​ការ​​​ទៅ​​យ៉ាង​​ល្អ​​ដែល​​លោក​​រំពឹង​​​ថា​​វា​​នឹង​​ឈាន​​ដល់​​ចំណុច​​របត់​​មួយ​​នៅ​​ពាក់​កណ្តាល​​ខែ​សីហា​ ហើយ​​នឹង​​បញ្ចប់​​នៅ​​ចុង​ឆ្នាំ​​នេះ​។​ មន្ត្រី​ដដែល​ធ្លាប់​បាន​ទាយ​យ៉ាង​ត្រឹម​ត្រូវ​ថា​ពេល​ណា​ការ​លុក​លុយ​នឹង​កើត​ឡើង​ ខណៈដែ​លអ្ន​ក​ផ្សេង​ទៀត​នៅ​ក្នុង​រដ្ឋា​ភិបាល​របស់​លោក​ចោទ​សួរ​គំនិត​ដែល​ថា​រុស្ស៊ី​នឹង​ចាប់​ផ្តើម​សង្រ្គាម​។​

ឥឡូវ​នេះ​ លោក​ព្យាករណ៍​ថា​ អ៊ុយក្រែន​នឹង​មិន​ត្រឹម​តែ​បណ្តេញ​រុស្ស៊ី​ចេញ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ទាមទារ​មក​វិញ​នូវ​តំបន់​​ដុនបាស​ និង​គ្រីមៀ​ដែល​រុស្ស៊ី​​កាត់​ចូល​ថា​ជា​ទឹកដី​របស់​ខ្លួន​នៅឆ្នាំ​​ ២០១៤ ​ទៀត​ផង​។​ លោក​និយាយ​ថា​៖​ «​យើង​ដឹង​គ្រប់​យ៉ាង​អំពី​សត្រូវរ​បស់​យើង​។​ យើង​ដឹង​អំពី​ផែនការ​របស់​ពួកគេ​ស្ទើរ​តែ​ដូច​ដែល​ពួក​គេ​កំពុង​ធ្វើ​។ ​អឺរ៉ុប​​មើល​​ឃើញ​​រុស្ស៊ី​​ជា​​ការ​​គំរាម​​កំហែង​​​ធំ​។​ ​ពួក​គេ​ខ្លាច​ការ​ឈ្លាន​ពាន​របស់​ប្រទេស​នេះ​ណាស់​»​។​

​យ៉ាង​ណា​មិញ​ ការ​​ព្យាករណ៍​របស់​លោក​ត្រូវ​បាន​លោក​ប្រធានាធិបតី​ វ៉ូឡូឌីមៀរ​ ហ្សេឡេនស្គី​ ច្រាន​ចោល​ដោយ​ប្រយោល​ថា​៖​ ​​«​គ្មាន​នរណា​ម្នាក់​អាច​ទស្សន៍ទាយ​ថា​តើ​សង្រ្គាម​នេះ​នឹង​មាន​រយៈ​ពេល​ប៉ុន្មាន​នោះ​ទេ​»​។​

ប្រភព៖ New York Post

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner