មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ឱសថគឺជាផ្នែកមួយចាំបាច់មិនអាចខ្វះ ប៉ុន្តែឱសថក្លែងក្លាយ និងអន់គុណភាព គឺជាអាវុធដ៏ស្ងៀមស្ងាត់ដែលអាចសម្លាប់មនុស្សបាន 

ភ្នំពេញ៖ ឱសថគឺជាផ្នែកមួយចាំបាច់មិនអាចខ្វះបានសម្រាប់វិស័យសុខាភិបាល ក្នុងការបង្ការ ថែទាំ និងព្យាបាលសុខភាពប្រជាជនគ្រប់រូប។ ប៉ុន្តែឱសថក្លែងក្លាយ និងអន់គុណភាព គឺជាអាវុធដ៏ស្ងៀមស្ងាត់ ដែលអាចសម្លាប់មនុស្សបាន ព្រោះគុណភាពឱសថមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធទៅនឹងគុណភាពនៃការព្យាបាលផងដែរ។ ប្រសិនបើឱសថមានគុណភាពមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសទេនោះ គុណភាពនៃការព្យាបាល មិនអាចទទួលបានជោគជ័យឡើយ ទោះបីជាគ្រូពេទ្យនោះមានជំនាញយ៉ាងណាក៏ដោយ ហើយវាអាចបង្កឱ្យមានគ្រោះថ្នាក់ខ្ពស់ដល់សុខភាព សុវត្ថិភាពសង្គម និងធ្វើឱ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។ 

នេះជាការបញ្ជាក់របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងបើកសិក្ខាសាលាស្តីពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព នៅសណ្ឋាគាររ៉ក់រ៉ូយ៉ាល់ ខេត្តកែប នៅថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២២ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសមត្ថភាព មន្រ្តីភ្នាក់ងារត្រួតពិនិត្យឱសថក្នុងការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ការប្រយុទ្ធប្រឆាំងឱសថ ក្លែងក្លាយ និងអន់គុណភាព។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា ក្នុងបរិបទបច្ចុប្បន្ននេះ ឱសថក្លែងក្លាយ និងអន់គុណភាពជាបញ្ហាសុខភាពសាធារណៈរួមទាំងនៅក្នុងតំបន់ និងនៅទូទាំងពិភពលោក។ ដោយឡែកបច្ចុប្បន្ននេះ ក្រសួងសុខាភិបាលសង្កេតឃើញមានការផ្សព្វផ្សាយលក់ឱសថតាមប្រព័ន្ធអនឡាញ ដែលជាបញ្ហាមួយគួរឱ្យព្រួយបារម្ភចំពោះផលប៉ះពាល់សុខភាព ព្រោះក្នុងចំណោមឱសថទាំងនោះ មានមួយចំនួនជាឱសថគ្មានប្រភពច្បាស់លាស់ មិនមានចុះបញ្ជិកាត្រឹមត្រូវពីក្រសួងសុខាភិបាល ហើយអាចជាឱសថក្លែងក្លាយ ឬអន់គុណភាពផងដែរ។ 

លោកជំទាវបានបន្តថា ដើម្បីចូលរួមការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ក្រសួងសុខាភិបាល បានដាក់ចេញនូវយន្តការគ្រប់គ្រង ត្រួតពិនិត្យឱសថ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានដូចជា៖

−តម្រូវឱ្យចុះទិដ្ឋាការ បញ្ជិកាផលិតផលឱសថ អនុលោមតាមបទដ្ឋានបច្ចេកទេសមុនពេលអនុញ្ញាតឱ្យផលិតផលទាំងនេះដាក់លក់លើទីផ្សារ និងការអប់រំណែនាំដល់សាធារណជនមិនឱ្យប្រើប្រាស់ឱសថដែលគ្មានលេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិបាល។

−ចុះត្រួតពិនិត្យតាមដាន និងស្រាវជ្រាវជាប្រចាំនូវឱសថដែលបានចែកចាយ និងលក់នៅលើទីផ្សារ។

−ចាត់វិធានការតាមផ្លូវច្បាប់នានាពាក់ព័ន្ធនឹងបទល្មើសផ្នែកឱសថ និងគ្រឿសម្អាង។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់គ្រប់គ្រឹះស្ថានលក់ឱសថទាំងអស់ ត្រូវលក់តែឱសថណាដែលមានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាល។ ចំណែកឯប្រជាពលរដ្ឋត្រូវបញ្ឈប់ការទិញឱសថ ផលិតផលបំប៉នសុខភាព តាមប្រព័ន្ធអនឡាញ ហើយត្រូវទិញផលិតផលទាំងនេះតែពីឱសថស្ថានស្របច្បាប់ ដោយត្រូវពិនិត្យមើលនូវលតាប័ត្រទិដ្ឋាការ ឬបញ្ជិកា នៅលើសំបកវេចខ្ចប់ឱសថ ដូចមានទំរង់នៅក្នុងសេចក្តីជូនព័ត៌មានជាហូរហែកន្លងមករបស់ក្រសួងសុខាភិបាល។ ម្យ៉ាងទៀតក្រសួងសុខាភិបាល សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានជំងឺ ឬបញ្ហាសុខភាពផ្សេងៗ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញត្រឹមត្រូវ ដើម្បីទទួលបានវេជ្ជបញ្ជាសម្រាប់តម្រូវការទិញឱសថប្រើប្រាស់ ដោយមិនត្រូវប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជាឡើយ សំដៅបង្ការកុំឱ្យកើតមានភាពស៊ាំរបស់មេរោគទៅនឹងឱសថ ក៏ដូចជាគ្រោះថ្នាក់ជាយថាហេតុនានា ដែលកើតឡើងដោយការប្រើប្រាស់ឱសថមិនត្រឹមត្រូវផងដែរ។

ក្រសួងសុខាភិបាល សង្ឈឹមថា ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងដៃគូទាំងអស់នឹងចូលរួម ជាមួយក្រសួងសុខាភិបាល ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព ទាំងអស់គ្នា សំដៅលើកកំពស់ សុខុមាលភាពសាធារណៈ ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕ 

ដោយ៖ពលជ័យ

រូបភាព៖ក្រសួងសុខាភិបាល

ads banner