តួកគីទាមទារកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដើម្បីអនុញ្ញាតឱ្យហ្វាំងឡង់ និង ស៊ុយអែត ចូលណាតូ
អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក ម៉េវលុត ខាវូសូលូ នៅថ្ងៃអង្គារបានទាមទារ “កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ” ពីហ្វាំងឡង់ និងស៊ុយអែត លើជំហានដើម្បីបញ្ចប់ “ការគាំទ្រចំពោះអំពើភេរវកម្ម” របស់ពួកគេ ប្រសិនបើប្រទែសទាំងពីរចង់ចូលរួមជាមួយអង្គការ ណាតូ(NATO)។
ការកត់សម្គាល់បែបនេះរបស់លោក ខាវូសូលូ បានកើតឡើងមួយថ្ងៃមុនពេល ប្រទេសតួកគីនឹង ធ្វើការ ពិគ្រោះយោបល់ជាមួយប្រទេស Nordic ទាំងពីរនៅក្នុងទីក្រុងអង់ការ៉ា លើការស្នើសុំចូល អង្គការណាតូរបស់ពួកគេ។
ទូរទស្សន៍ NTV របស់ប្រទេសតួកគីបានដកស្រង់សម្តីលោក ខាវូសូលូ ដែលបានប្រាប់អ្នកយក ព័ត៌មាននៅលើជើងហោះហើររបស់គាត់ទៅកាន់ប៉ាឡេស្ទីន និងអ៊ីស្រាអែលថា យើងរំពឹងថា ពួកគេ (ស៊ុយអែត និងហ្វាំងឡង់) នឹងបញ្ចប់ការគាំទ្រចំពោះអំពើភេរវកម្ម… យើងចង់បានកិច្ចព្រមព្រៀង ជាលាយលក្ខណ៍អក្សរ។ លោកថា ទីក្រុងអង់ការ៉ាទាមទារការធានានៅក្នុងកិច្ចព្រមព្រៀង ដែលបាន ចុះហត្ថលេខា។
លោកបន្ថែមថា កិច្ចប្រជុំបួនផ្លូវអាចធ្វើឡើងដោយប្រទេសទាំងបីជាមួយអគ្គលេខាធិការអង្គការ ណាតូលោក ជេន ស្តូថែនប៊ឺគ ក្នុងរឿងនេះ។
បើតាមក្រសួងការបរទេសតួកគី អ្នកនាំពាក្យប្រធានាធិបតីតួកគីលោក អ៊ីប្រាហ៊ីម ខាលីន និងអនុរដ្ឋមន្ត្រីការបរទេសតួកគីលោក ស៊ីដេត អូណល នឹងជួបជាមួយមន្ត្រីហ្វាំងឡង់ និងស៊ុយអែតនៅថ្ងៃពុធសប្តាហ៍នេះ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា


