លោក កឹម សុខា ៖ “ចប់ហើយ ខ្ញុំជាមួយសម រង្ស៊ី , អត់មាន សម រង្ស៊ី-កឹម សុខា តែមួយទៀតទេ”
ភ្នំពេញ៖ ចប់ហើយសម្ព័ន្ធភាពរវាងអតីតមេដឹកនាំគណបក្សប្រឆាំង សម រង្ស៊ី និង កឹម សុខា គឺមិនមានទៀតទេ។ ចប់ដោយសារតែទណ្ឌិត សម រង្ស៊ី បានវ៉ៃប្រហារយ៉ាងចាស់ដៃ និងចំៗទៅលើលោក កឹម សុខា ដែលជាដៃគូសម្ព័ន្ធភាពរបស់ខ្លួន ដែលមិនបានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបានចោទប្រកាន់ថា លោក កឹម សុខា បានប្រមាថអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ។ ការវ៉ៃប្រហារលើលោក កឹម សុខា បានធ្វើឡើងតាមរយ:វិទ្យុអាស៊ីសេរី កាលលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។
ការប្រកាសផ្តាច់សម្ព័ន្ធភាព គឺបានធ្វើឡើងដោយលោកកឹម សុខានៅក្នុងសវនាការនៃសាលាដំបូងរាជធានី ភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនានេះ។ ការប្រកាសនេះបានបង្ហាញឲ្យឃើញកាន់ តែច្បាស់ថា គ្មានទៀតទេ សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ។
នៅក្នុងបន្ទប់សវនាការលោក កឹម សុខា បានប្រកាសថា “ចប់ហើយខ្ញុំជាមួយលោកសម រង្ស៊ី ច្បាស់ហើយអត់មាន សម រង្ស៊ី-កឹម សុខា តែមួយទៀតទេ។ ឥឡូវអត់មានវប្បធម៌សន្ទនាជាមួយ សម រង្ស៊ី ទៀតទេ។ គេដើរផ្លូវផ្សេង គេនាំបក្សភ្លើងទៀតទៅចូលរួមការបោះឆ្នោត វ៉ៃប្រហារខ្ញុំទៀតថ្មីៗហ្នឹងថា ខ្ញុំអត់ទៅបោះឆ្នោតឲ្យបក្សភ្លើងទៀន ខុសធ្ងន់”។
លោក កឹម សុខា បានបញ្ជាក់យ៉ាងដូច្នេះទៀតថា “… ខ្ញុំចង់បញ្ជាក់នៅក្នុងអង្គសវនាការថា សម រង្ស៊ី ធ្វើអីខ្ញុំមិនដែលគាំទ្រទេ។ គាត់ប្រកាស ៩ វិច្ឆិកា ប្រមូលកម្លាំងថា គាត់នឹងវិលមកវិញដើម្បីចាប់នាយករដ្ឋមន្ត្រី ខ្ញុំអត់ដែលគាំទ្រសោះ មានតែហាមគ្នាខ្ញុំមិនឱ្យទៅលូកលាន់ជាមួយទៀត ។ដូច្នេះច្បាស់ហើយ ព្រោះខ្ញុំទ្រាំយូរហើយ ប៉ុន្តែខ្ញុំមិនអាចនិយាយជាសាធារណៈបាន។
នៅពេលណាចៅក្រមអនុញ្ញាតឲ្យខ្ញុំមានសិទ្ធិនយោបាយខ្ញុំនឹងបើកសន្និសីទកាសែតមួយនិយាយ ហើយអ្វីទាំងអស់ខ្ញុំបានសម្រេចចិត្តហើយគឺថា ទឹកដីកម្ពុជាជាទឹកដីរបស់ខ្ញុំ។ ខ្ញុំអត់មានប្រទេសទី២ទេ។ ខ្ញុំនៅប្រទេសនេះ។ ដូច្នេះខ្ញុំត្រូវឲ្យប្រទេសនេះបានសុខ អត់មាននាំបរទេសណាមកបំផ្លាញស្រុកខ្ញុំទេ ហើយអត់បង្កចលាចលទេ អ្នកដែលបង្កចលាចលសុំឲ្យទៅឆ្ងាយពីខ្ញុំ”។
សូមជម្រាបថា ទណ្ឌិត សម រង្ស៊ី បានវ៉ៃប្រហារយ៉ាងចាស់ដៃ និងចំៗទៅលើលោក កឹម សុខា ដែលជាដៃគូរបស់ខ្លួន ដែលមិនបានចេញទៅបោះឆ្នោត និងបានចោទប្រកាន់ថា លោក កឹម សុខា បានប្រមាថ អ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ ដែលបានគាំទ្រសង្គ្រោះជាតិ ហើយជាការសោកស្តាយ។ អ្វីដែលលោ កឹម សុខា ធ្វើនេះ គឺខុសធ្ងន់ណាស់។ ការវ៉ៃប្រហារលើលោក កឹម សុខា បានធ្វើឡើងតាមរយ:វិទ្យុអាស៊ីសេរី កាលលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។
ទណ្ឌិត សម រង្ស៊ី មេខ្លោងឧទ្ទាមក្រៅច្បាប់បានធ្វើការវ៉ៃប្រហារថា លោក កឹម សុខាបានធ្វើសេចក្តីថ្លែងការណ៍ ប្រាប់ថា គាត់អត់ទៅចូលរួមការបោះឆ្នោតទេ ពីព្រោះគាត់អត់ឃើញគណបក្សណាដែលគាត់ពេញចិត្ត គាត់អត់ទៅបោះឆ្នោត មានន័យថាគាត់ចាត់ទុកថា គណបក្សប្រជាជនកម្ពុជាក៏គាត់មិនពេញចិត្ត គណបក្សភ្លើងទៀន ក៏គាត់មិនពេញចិត្ត គាត់ចាត់ទុកថា គណបក្សប្រជាជនកម្ពុជាដូចតែគណបក្សភ្លើងទៀន គណបក្សភ្លើងទៀនដូចតែគណបក្សប្រជាជនកម្ពុជា គាត់អត់ពេញចិត្តអ្នកណាទាំងអស់ គាត់និយាយបែបនេះខុសធ្ងន់ណាស់ ។គាត់មិនគួរប្រៀបធៀប…៕
ដោយ៖ពលជ័យ