អ៊ុយក្រែនអំពាវនាវសុំជំនួយសព្វាវុធបន្ថែម ខណៈដែលមេដឹកនាំអឺរ៉ុបគ្រោងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ
កៀវ ៖ រដ្ឋាភិបាលអ៊ុយក្រែនបានលើកឡើងថា ខ្លួនកំពុងត្រូវការជំនួយសព្វាវុធបន្ថែមជាបន្ទាន់ ដើម្បីទប់ទល់នឹងការវាយលុករបស់រុស្ស៊ីនៅភាគខាងកើត និងខាងត្បូង ខណៈដែលការអំពាវនាវនេះកើតឡើងចំពេលដែលមេដឹកនាំលោកខាងលិចធំៗចំនួន ៣ របស់សហភាពអឺរ៉ុប គឺអាល្លឺម៉ង់ បារាំង និងអ៊ីតាលី ត្រូវបានគេរំពឹងថា នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
ដំណើរទស្សនកិច្ចដែលគេរំពឹងទុកខាងលើនេះ មិនទាន់ត្រូវបានធ្វើការប្រកាសជាផ្លូវការឡើយ ដោយសារហេតុផលសន្តិសុខ ប៉ុន្តែដំណឹងនេះ ត្រូវបានផ្សព្វផ្សាយមួយថ្ងៃមុនពេលគណៈកម្មការអឺរ៉ុបបានផ្ដល់អនុសាសន៍ អំពីដំណើរការរបស់សហភាពអឺរ៉ុប ចំពោះការស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន។
យ៉ាងណាមិញ ផែនការនៃដំណើរទស្សនកិច្ចរបស់អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងនាយករដ្ឋមន្រ្តីអ៊ីតាលីលោក ម៉ារីយូ ដ្រាហ្គី បានចំណាយពេលរៀបចំអស់ជាច្រើនសប្តាហ៍ ខណៈមេដឹកនាំទាំងបីរូបនេះ កំពុងព្យាយាមបន្សាបលើការរិះគន់ ជុំវិញការឆ្លើយតបរបស់ពួកគេចំពោះសង្រ្គាមនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា ទីក្រុងកៀវបានរិះគន់បារាំង អាល្លឺម៉ង់ និង អ៊ីតាលីសម្រាប់ការចោទប្រកាន់ថា បានផ្តល់ការគាំទ្រតិចតួចដល់អ៊ុយក្រែន ដោយចោទប្រកាន់ថា ពួកគេមានភាពយឺតយ៉ាវក្នុងការផ្តល់អាវុធ និងដាក់ភាពរុងរឿងរបស់ពួកគេនៅចំពោះមុខសេរីភាព និងសន្តិសុខរបស់អ៊ុយក្រែន ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា