សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំប្រារព្ធពិធីខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា ឆ្នាំ២០២២
កំពង់ធំ ៖ ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានប្រារព្ធពិធីខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា ស្ថិតក្រោម អធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ ដែលបានប្រារឰឡើងនៅលើភូមិឋានរបស់អតីតយុទ្ឋជន នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានបងប្អូនអតីតយុទ្ធជនចូលរួមចំនួន ១៥០គ្រួសារ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត កំពង់ធំ បានអានសារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ ផ្ញើជូនបងប្អូនអតីតយុទ្ធជន និងជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារមួយហិកតាកន្លះ និងផ្ទះថ្មី មួយខ្នងជូនដល់បងប្អូនអតីតយុទ្ធជន ១៤១គ្រួសារ ដែលគ្មានដីគ្មានផ្ទះរស់នៅសមរម្យ នៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានថ្លែង អំណរគុណចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា រួមចំណែកធ្វើឱ្យប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ។
ឯកឧត្តម ងួន រតនៈ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយនិងក្រុមអាជីវករក្រុងស្ទឹងសែន បានជួយឧបត្ថម្ភស្បៀងអាហារ និងថវិកាមួយចំនួន ជូនដល់អតីតយុទ្ធជនចំនួន ១៥០គ្រួសារ ដែលចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះផងដែរ ៕ដោយ ប៊ុន រដ្ឋា