សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបអគ្គលេខាធិការ នៃសម្ព័ន្ធពិភពអ៊ីស្លាម

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យគណៈប្រតិភូ សម្ព័ន្ធពិភពអ៊ីស្លាមដឹកនាំដោយ ឯកឧត្តម មហាំម៉ាត់ អាប់ឌុលការី អាល់អ៊ីសា អគ្គលេខាធិការ នៃសម្ព័ន្ធពិភពអ៊ីស្លាម និងជាប្រធានសមាគមសម្ព័ន្ធបញ្ញវន្តអ៊ីស្លាម ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនេះសម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅ និងមានជំនឿជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ ពិតជានឹងនាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យកាន់តែល្អប្រសើរជាងទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន ប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត ។

ក្នុងនាមគណៈប្រតិភូ ឯកឧត្តម មហាំម៉ាត់ អាប់ឌុលការី អាល់អ៊ីសា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូនាពេលនេះ ។ ឯកឧត្តមបានថ្លែងនូវការកោតសរសើរ និងស្ញប់ស្ញែង ចំពោះប្រទេសកម្ពុជា ដែលទទួលបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលផ្តល់ឲ្យប្រជាជនគ្រប់រូប មិនថាកាន់សាសនាណាទេ ទទួលបាននូវភាពសុខដុមរមនា ក្នុងការរស់នៅជាមួយគ្នា និងធ្វើឱ្យប្រទេសមានសុខសន្តិភាព ។

ពិភពលោកពិត ជាត្រូវការសន្តិភាព ។ ប្រទេសកម្ពុជា គឺផ្នែកមួយនៃពិភពលោក ដែលទទួលបាននូវសុខសន្តិភាពនេះ ទោះបីមានភាពចម្រុះខាងសាសនាក៏ដោយ ។ ប្រទេសកម្ពុជាមានស្ថិរភាព ការគោរពសិទ្ធិសេរីភាព ការគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ។ ប្រទេសកម្ពុជាក៏ជាទីតាំងអនុវត្តជាក់ស្តែង ដែលបង្ហាញអំពីការអនុវត្តជាក់ស្តែង អំពីការគោរពសិទ្ធិមនុស្ស និងសុខដុមនីយកម្ម ខាងសាសនា ។

ឯកឧត្តម មហាំម៉ាត់ អាប់ឌុលការី អាល់អ៊ីសា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា កើតចេញពីចន្ទៈរបស់ប្រជាពលរដ្ឋ ។ ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា បានយកឈ្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយប្រជាជនកម្ពុជា មានការយល់ដឹង អំពីគុណតម្លៃនានា ក្លាយជាប្រទេសគំរូ នៅលើពិភពលោក ក្នុងការផ្តល់នូវសុខសន្តិភាព និងផ្តល់នូវសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋរបស់ខ្លួន ។ ទាំងនេះជាភាតរភាពររបស់ប្រជា-ជនកម្ពុជា ក្នុងការលះបង់ ដើម្បីទទួលបាននូវសុខសន្តិភាព និងស្ថិរភាព ហើយពិភពលោកទាំងមូលពិតជាត្រូវការសុខសន្តិភាព ត្រូវការសុខដុមនីយកម្ម និងពង្រីកនូវគោលការណ៍ ដើម្បីផ្តល់នូវសុខសន្តិភាពដូចអ្វី ដែលកំពុងកើតមាននៅប្រទេសកម្ពុជា ។

ឯកឧត្តម មហាំម៉ាត់ អាប់ឌុលការី អាល់អ៊ីសា បានសន្យាថា នឹងពាំនាំនូវអ្វីដែលកើតឡើងនៅប្រទេសកម្ពុជាក្នុងបរិយាកាសប្រកបទៅដោយភាតរភាព និងជាប្រទេសដែលបានប្រឆាំងដាច់ខាតជាមួយនឹងការប្រកាន់ពូជសាសន៍ និងភាពជ្រុលនិយមផ្សេងៗ ដើម្បីជូនទៅដល់ពិភពលោកទាំងមូលអាចទាញយកបាននូវបទពិសោធន៍ ក៏ដូចជាមេរៀនដ៏ល្អ ប្រពៃពីប្រទេសកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តមបានសន្យានឹងបន្តផ្តល់ដល់ប្រទេសកម្ពុជា នូវជំនួយមនុស្សធម៌ផ្សេងៗ មិនត្រឹមតែសម្រាប់ប្រជាជន សាសនិកឥស្លាមប៉ុណ្ណោះទេ គឺចំពោះប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនមានកាបែងចែកជាតិសាសន៍ និងសាសនាឡើយ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ ចំពោះប្រសាសន៍ដ៏ល្អប្រពៃ របស់ឯកឧត្តមប្រធាន គណៈប្រតិភូ ដែលបានថ្លែងសរសើរ អំពីប្រទេសកម្ពុជា ។ សម្តេចបានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់អង្គការសម្ព័ន្ធពិភពឥស្លាម ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើកកម្ពស់មនុស្សធម៌ ក្នុងពិភពលោក ដែលបានរួមចំណែកដោះស្រាយបញ្ហា របស់បណ្តាប្រទេសម៉ូស្លីម ទប់ស្កាត់ជម្លោះ រក្សាទំនាក់ទំនងអរិយធម៌ និងពង្រីកការសន្ទនា រួមចំណែកដល់សន្តិភាព នៃបណ្តាប្រទេសកាន់ឥស្លាមសាសនា និងសន្តិភាព ស្ថិរភាពជាសកល ។

ជាមួយគ្នានេះ សម្តេចក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសម្ព័ន្ធពិភពឥស្លាម ជាមួយគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាអ៊ីស្លាម-កម្ពុជា ។ សម្តេចបានថ្លែងអំណរគុណ ចំពោះសម្ព័ន្ធឥស្លាម ដែលបានផ្តល់ជំនួយមនុស្សធម៌ ដល់ជនរងគ្រោះដោយទឹកជំនន់ក្នុងឆ្នាំ២០២១ ចំនួនជាង១,៥០០គ្រួសារ នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ព្រមទាំងជួយគាំទ្រដល់ពិធីបុណ្យសាសនានានា របស់ឥស្លាមសាសនា ។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា នៅប្រទេសកម្ពុជា សិទ្ធិ និងសេរីភាពខាងជំនឿសាសនារបស់ប្រជាពលរដ្ឋ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ។ ក្រោមការដឹកនាំរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រកម្ពុជាមានសុខដុមនីយកម្មគ្រប់សាសនាទាំងអស់នៅក្នុងប្រទេស និងសុខដុមនីយកម្មជាមួយ គ្រប់សាសនាផ្លូវការទាំងអស់ លើពិភពលោក រួមទាំងសាសនអ៊ីស្លាមផងដែរ ។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ក្នុងបរិបទរីករាលដាល ជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ផ្តល់ការចាក់វ៉ាក់សាំង ជូនបងប្អូនសាសនិកអ៊ីស្លាម ព្យាបាលជំងឺ និងផ្តល់ដីសម្រាប់ជាទីបញ្ចុះសពសាសនិកឥស្លាម តាមប្រពៃណីទំនៀមទំលាប់ របស់ឥស្លាមសាសនា ដែលបានស្លាប់ ដោយសារ ជំងឺកូវីដ-១៩ ។

ចំពោះម៉ាស្ជិទ សូរ៉ាវ ទីស្នាក់ការថ្វាយបង្គំ រាជរដ្ឋាភិបាល បានបើកដំណើរការឱ្យសាសនិកឥស្លាមប្រតិបត្តិសាសនារបស់ខ្លួនឡើងវិញ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ។ ប្រទេសកម្ពុជាបានបើកប្រទេសឡើងវិញលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ដោយសារយុទ្ធសាស្រ្តការចាក់វ៉ាក់សាំង ប្រកបដោយប្រសិទ្ធភាព និងជោគជ័យ រហូតមកដល់ពេលនេះ មានរយៈពេលជាង៤០ ថ្ងៃហើយដែលគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ ។ ប្រទេសកម្ពុជាត្រូវបានចាត់ទុកថាជាគោលដៅ ទេសចរណ៍សុវត្ថិភាព ។ ជាមួយគ្នានេះ បើតាមការព្យាករណ៍សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនក្នុងអត្រា ៥,៤% ក្នុងឆ្នាំ២០២២ និង ៦,៦% ក្នុងឆ្នាំ២០២៣ ។

សម្តេចប្រធានព្រឹទ្ធសភា បានស្នើឲ្យគណៈប្រតិភូ ជំរុញទេសចរអារ៉ាប៊ីសាអូឌីត ក៏ដូចជាទេសចរណ៍មកពីបណ្តាប្រទេស ជាសមាជិក នៃសម្ព័ន្ធពិភពឥស្លាម មកទស្សនាកម្ពុជា ឱ្យបានច្រើន និងជួយជំរុញ ឱ្យមានការហោះហើរឡើងវិញ ដោយក្រុមហ៊ុនអាកាសចរណ៍ អារ៉ាប់អេម៉ីរ៉ាត់ មករាជធានីភ្នំពេញ និងខេត្តសៀមរាប ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត ដែលបានផ្តល់អាហារូបករណ៍ ដល់និស្សិតខ្មែរ-អ៊ីស្លាម សម្រាប់ថ្នាក់ឧត្តមសិក្សា ផ្នែកអក្សរសាស្រ្តអារ៉ាប់ និងសាសនា និងអាហារូបករណ៍ថា្នក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ចំនួន៨៥កន្លែង ដល់និស្សិតកម្ពុជា ក្នុងឆ្នាំសិក្សា២០១៩-២០២០ ។

សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរ ឱ្យចំណងមិត្តភាព រវាងប្រទេសទាំងពីរ ស្ថិតស្ថេចីរកាល និងប្រសិទ្ធពរ ជូនគណៈប្រតិភូ មានសុខភាពល្អបរិបូរណ៍ និងទទួលបានភាពរីករាយ ក្នុងការស្នាក់នៅប្រទេសកម្ពុជា ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner