ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងការប្រារព្ធពិធីបុណ្យ«រុក្ខទិវា» នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តបាត់ដំបង
ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងការប្រារព្ធពិធីបុណ្យ«រុក្ខទិវា» នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ដែលស្ថិត នៅក្នុង ស្ថានីយ ផ្សព្វផ្សាយ និងស្តារព្រៃលើចំបូរមាស ភូមីសំបូរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ នេះបើ យោងតាមស្មារតីនៃកិច្ចប្រជុំ ដែលដឹក នាំដោយ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈ កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ។
បើតាមការបញ្ជាក់ពីឯកឧត្តម ឈិន កេតនា បានឱ្យដឹងថា ពិធី«រុក្ខទិវា» ដែលប្រារព្ធធ្វើឡើង ក្រោមព្រះរាជវត្តមាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា និងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់នាឱកាសនេះ ដែល និង ត្រូវ ប្រារព្ធឡើង នៅក្នុង ស្ថានីយ ផ្សព្វផ្សាយ និងស្តារព្រៃឈើ សំបូរ មាស ភូមិសំបូរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។
ឯកឧត្តម ឈិន កេតនា ក៏បានបញ្ជាក់ជូនអំពីអត្ថន័យ និងសារៈសំខាន់ នៃពិធី «រុក្ខទិវា» ០៩ កក្កដា ដែលជាមរតកដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ពេលព្រះអង្គនៅមានព្រះជន្ម ព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះការដាំដុះព្រៃឈើ ដ៏មានផលប្រយោជន៍សម្រាប់មនុស្ស សត្វនៅព្រះរាជាណាក្រកម្ពុជា។
គួរបញ្ជាក់ថា ពិធីបុណ្យ « រុក្ខទិវា » គឺជាចលនាបំផុសបំផុលការដាំដុះដើមឈើដ៏ធំមួយ និងជាប្រពៃណី ដ៏ល្អផូរ ផង់ ឧត្តុង្គឧត្តមនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលចលនានេះចាប់មានតាំងពី « សម័យសង្គមរាស្រ្តនិយម » ក្រោម ព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងដឹកនាំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះ មហា វីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះវររាជ បិតា កសិកម្មជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ពិធីនេះបានចាប់កកើតតាំងពីទសវត្ស៣០ មកម៉្លេះ ដោយមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងបានក្លាយទៅជា សកម្មភាព យ៉ាងធំទូលំទូលាយ ក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុត ត្រូវបានទទួល ស្គាល់ ជាពិធីប្រពៃណីជាតិមួយហៅថា «ពិធីរុក្ខទិវា» ដែលបានកំណត់ដោយព្រះរាជកិច្ចលេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២ ។
ម្យ៉ាងទៀតបច្ចុប្បន្ន « រុក្ខទិវា » ត្រូវបាន ទទួលស្គាល់ ជាផ្លូវការដោយមាន ចែងក្នុង ច្បាប់ស្ដីពីព្រៃឈើ នាឆ្នាំ២០០២ ជំពូកទី១២ មាត្រាទី៦០ បានចែងថា៖ ដើម្បីជម្រុញការអប់រំ ប្រជាពល រដ្ឋឱ្យយល់ដឹងពីសារសំខាន់និងផលប្រយោជន៍ព្រៃឈើ ទិវាពលកម្មដាំកូនឈើ ជាប្រពៃណីជាតិហៅថា «រុក្ខទិវា» ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង។
ទិវានេះពិតជាមានអត្ថន័យដ៏ឧដ្តុង្គឧត្តម និងឧត្តមប្រយោជន៍ដ៏ជ្រាលជ្រៅចំពោះប្រទេសជាតិ បានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការកសាងគ្រឹះសេដ្ឋកិច្ចជាតិ ក្រោមកិច្ចរួបរួមជាធ្លុងមួយបង្ហាញពីសក្ខីកម្មនៃ សាមគ្គីភាព រវាងប្រជារាស្រ្តនិងមន្រ្តីរាជការទូទាំង ប្រទេសក្នុងការជម្រុញលើកទឹកចិត្តចូលរួមចលនាដាំដើមឈើដើម្បីផ្ដល់ជាសារប្រយោជន៍ធនធានទ្រទ្រង់វិស័យកសិកម្មបង្កើនសុខុមាលភាពគ្រួសារ និងជីវភាពសង្គម ព្រមទាំងកិច្ចគាំពារបរិស្ថាន ស្របតាម ព្រះរាជ តម្រិះដ៏ខ្ពង់ខ្ពស់នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវរ រាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថា« ព្រៃឈើគឺជាសរសៃឈាម ក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ ដូច្នេះយើង ត្រូវតែរួបរួមគ្នា ថែរក្សាការពារព្រៃឈើ និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា »៕ ដោយ ង៉ាន់ ទិត្យ