សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.)

ភ្នំពេញ ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការ គ.ស.ហ. ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ស.ហ. រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមកនេះ ទោះបីមានការប្រឈមនឹងវិធានការបង្កាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដោយ ក៏ សម្ដេច បានសង្កេតឃើញថា ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធរបស់ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.) បានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ។

សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមថា លទ្ធផលសម្រេចបានក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ គឺជាបេសកកម្មដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសជាតិ និងក៏ឆ្លើយតបអនុសាសន៍របស់អន្តរជាតិ ដើម្បីធានាប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះ ទៅតាមឆន្ទៈរបស់រាជរដ្ឋាភិបាលផងដែរ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner