សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយសន្តិសុខបន្ថែម ៤៥០លានដុល្លារដល់អ៊ុយក្រែន

វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកពីររូបបានប្រាប់កាសែតរ៉យទ័រនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងផ្តល់ជំនួយសន្តិសុខបន្ថែមចំនួន ៤៥០លានដុល្លារដល់អ៊ុយក្រែន រួមទាំងប្រព័ន្ធបាញ់រ៉ុកក្កែតរយៈចម្ងាយឆ្ងាយHIMARS ចំនួនបួនបន្ថែមទៀត។

កញ្ចប់ជំនួយចុងក្រោយនេះ កើតឡើងបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីសប្តាហ៍មុន បានប្រកាសពីការបញ្ចូលជំនួយសព្វាវុធដែលមានតម្លៃចំនួន ១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលរួមមានប្រព័ន្ធរ៉ុកក្កែតប្រឆាំងនាវា គ្រាប់រ៉ុកក្កែត កាំភ្លើងធំ និងគ្រាប់រំសេវជាដើម។

ការប្រកាសផ្តល់ជំនួយសន្តិសុខបន្ថែមដល់អ៊ុយក្រែននេះដែរ ត្រូវបានគេរំពឹងថា នឹងអាចប្រកាសឆាប់ៗនេះ ដែលកញ្ចប់ជំនួយខាងលើ នឹងរួមបញ្ចូលការផ្តល់ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ HIMARS បន្ថែមទៀតទៅកាន់ទីក្រុងកៀវ ប៉ុន្តែចំពោះព័ត៌មានលម្អិតនៃកញ្ចប់ជំនួយនេះ អាចនឹងត្រូវផ្លាស់ប្តូរនៅពេលសម្រេចចុងក្រោយ។

ជំនួយខាងលើនេះ មានគោលដៅផ្តល់ឱ្យអ៊ុយក្រែននូវសមត្ថភាពទប់ទល់នឹងកងកម្លាំងរុស្ស៊ី ដែលកំពុងរុលទៅមុខនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដើម្បីដណ្តើមយកតំបន់ដុនបាស់ ជាកន្លែងដែលអ៊ុយក្រែនភ័យខ្លាចថា កងទ័ពរបស់ខ្លួនមួយចំនួនអាចត្រូវបានឡោមព័ទ្ធដោយកងទ័ពរបស់រុស្ស៊ី៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner