ឯកឧត្តម បួនហ៊ីង សុធីយ៉ា៖ « ការប្រកួតកីឡាឧត្តមសិក្សា គឺជាឱកាស សម្រាប់មន្រ្តីសហព័ន្ធកីឡាតេក្វាន់ដូ ITF ដុសខាត់សមត្ថភាព ឆ្ពោះទៅ ស៊ីហ្គេម ២០២៣»

ឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាលើកឡើងថា «ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា សូមអរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុញ្ញាតឲ្យ សហព័ន្ធបានចូលរួមរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ដើម្បីផ្តល់ឱកាសដល់មន្ត្រីបច្ចេកទេសបានដុសខាត់សមត្ថភាពកាន់តែមោះមុត ក្នុងដំណើរឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក៏ដូចជាការពង្រីកវិសាលភាព និងអភិវឌ្ឍធនធានតេក្វាន់ដូ ITF នៅកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត»។

គូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ ក្នុងឱកាសរៀបចំការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ នៅថ្ងៃទី២៦ ខែមិថុនា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា «តាមរយៈការរៀបចំប្រកួតនេះ គឺល្អមែនទែន ក្នុងការជួយជំរុញឲ្យមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមរបស់សហព័ន្ធបានដុះខាត់សមត្ថភាពបន្ថែម ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះ យើងក៏នឹងអាចពិនិត្យមើលលើចំណុចខ្វះខាតរបស់ពួកគាត់ ដើម្បីកែលម្អឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីគោលដៅដំបូង ក្នុងការរៀបចំប្រភេទកីឡាតេក្វាន់ដូ ITF នៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ជាលើកដំបូងរបស់កម្ពុជាផង និងជាប្រវត្តិសាស្ត្រដំបូងរបស់ប្រភេទកីឡាតេក្វាន់ដូ ITF ក្នុងប្រវត្តិសាស្ត្រ ស៊ីហ្គេម ក្នុងរយៈពេល៣២លើក ស្មើនឹងរយៈពេល៦៤ឆ្នាំផងដែរ»។

ក្នុងការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសនេះ សហព័ន្ធតេក្វាន់ដូ ITF បានប្រើប្រាស់មន្ត្រីគណៈកម្មការបច្ចេទេសចំនួន១៦នាក់ ហើយក្នុងចំនួនេះ គឺមានមន្ត្រីអាជ្ញាកណ្តាល-ចៅក្រមចំនួន៥នាក់ ដែលមានសមត្ថភាពខ្ពស់ ក្នុងការបម្រើដល់ការប្រកួតកម្រិតអន្តរជាតិ ជាពិសេសគឺចូលរួមកាត់សេចក្តី ក្នុងស៊ីហ្គេម ២០២៣ ខណៈគោលការណ៍របស់សហព័ន្ធតេក្វាន់ដូ ITF អាស៊ី ក៏បានកំណត់ដែរថា ម្ចាស់ផ្ទះអាចដាក់បាន៥នាក់ ចូលរួមកាត់សេចក្តីជាមួយអាជ្ញាកណ្តាល-ចៅក្រមអន្តរជាតិ សម្រាប់បម្រើដល់ ស៊ីហ្គេម ឆ្នាំ២០២៣។

ជារួមគោលការណ៍សហព័ន្ធ ស្របជាមួយនឹងគោលដៅដែលបានដាក់ចេញពីក្រសួងអប់រំ យុវជន និងកីឡា ធ្វើយ៉ាងណាជំរុញឲ្យប្រភេទកីឡាតេក្វាន់ដូ ITF រួមទាំងប្រភេទកីឡាទាំងអស់ត្រូវតែគោរពឲ្យបានជាដាច់ខាត់នូវតម្លាភាព យុត្តិធម៌។ «គោលដៅរបស់យើងជំរុញឲ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងមន្ត្រីបច្ចេកទេស ទាំងការចូលរួមប្រកួត ប្រជែងរបស់កីឡាករ កីឡាការិនីទាំងអស់គោរពឲ្យបាននូវយុត្តិធម៌ ស្មារតីកីឡា ដែលទទួលយកបានគ្រប់ៗគ្នា»។

ជាចុងក្រោយ ក្នុងនាមឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងថ្នាក់ដឹកនាំប្រតិបត្តិសហព័ន្ធ ឯកឧត្តម បួនហ៊ីង សុធីយ៉ា សូមគោរពអរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុញ្ញាតឲ្យសហព័ន្ធបានចូលរួមរៀបចំកាប្រកួតកីឡានិស្សិតឧត្តមសិក្សាថ្នាក់ជាតិនេះ ក្នុងការជួយជំរុញលើកកម្ពស់បន្ថែមដល់ការអភិវឌ្ឍបច្ចេកទេស ព្រមទាំងការអភិវឌ្ឍធនធានកីឡាករ កីឡាការិនីជានិស្សិតឲ្យកាន់តែសម្បូរបែប និងមានគុណភាពខ្ពស់ នាថ្ងៃអនាគត។ «ខ្ញុំជឿជាក់ថា តាមរយៈការរៀបចំនេះនឹងជួយពង្រឹងបន្ថែម ក្នុងការអភិវឌ្ឍនិស្សិតអាចក្លាយជាសមាជិកក្រុមជម្រើសជាតិ និងអាចក្លាយជាគ្រូបង្វឹក នាថ្ងៃអនាគត។ ព្រឹត្តិការណ៍និស្សិតឧត្តមសិក្សានេះមានផលចំណេញច្រើនមែនទែន ដើម្បីអភិវឌ្ឍពួកគាត់ឲ្យកាន់តែល្អ ប្រសើរសម្រាប់ការប្រកួតផ្សេងៗទៀត នាពេលខាងមុខផងដែរ»។

ការប្រកួកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ លើប្រភេទកីឡា តេក្វាន់ដូ ITF មានកីឡាករ កីឡាការិនីជានិស្សិតចូលរួមសរុបចំនួន ៦៤នាក់ (កីឡាករ៣៦នាក់ កីឡាការិនី២៨នាក់) មកពីគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចំនួន៧ ដូចជា៖ ខេមអេដ ប៊ីសសនីសស្គូល, សាកលវិទ្យាល័យ ជាស៊ីម កំចាយមារ, សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថានបច្ចេកវិទ្យាប្រាជ្ញាសាស្ត្រ, សាកលវិទ្យាល័យវេស្ទើនកំពង់ចាម និងសាកលវិទ្យាល័យមានជ័យ។ ការប្រកួតដំណើរការពីថ្ងៃទី២៥ដល់៣០ខែមិថុនា ឆ្នាំ២០២២ ដោយមាន១៣វិញ្ញាសា ក្នុងនោះរៀបចំវិញ្ញាសា សម្តែងមេគុណ ចំនួន៤ និងវិញ្ញាសាប្រយុទ្ធចំនួន៩៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner