ប្រធានាធិបតីកូរ៉េខាងត្បូងចាកចេញពីប្រទេសហើយ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល NATO នៅអេស្ប៉ាញ

សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក យ៉ុន សុកយ៉ុល បានចាកចេញទៅកាន់ប្រទេសអេស្ប៉ាញហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ ដែលនឹងប្រព្រឹត្តិទៅនៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។

លោក យ៉ុន បានចេញដំណើរអមជាមួយលោកជំទាវទីមួយ គីម គ្យុន ហ៊ី ពីព្រលានយន្តហោះក្បែរទីក្រុងសេអ៊ូល កាលពីរសៀលថ្ងៃចន្ទដើមសប្តាហ៍នេះ។ វាជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែឧសភាកន្លងទៅ។ កូរ៉េខាងត្បូងមិនមែនជាសមាជិកណាតូទេ ប៉ុន្តែខ្លួនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ រួមជាមួយនឹងប្រទេសដែលមិនមែនជាសមាជិកផ្សេងទៀត រួមទាំងជប៉ុនផងដែរ។

នៅក្នុងកិច្ចប្រជុំកំពូលខាងលើនេះ លោក យ៉ុន ត្រូវបានគេរំពឹងថា នឹងបង្ហាញពីការគាំទ្ររបស់ប្រទេសលោកចំពោះអ៊ុយក្រែន ចំពេលមានការឈ្លានពានរបស់រុស្ស៊ី។ លោកក៏នឹងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ។

ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ក៏ត្រូវបានគេរំពឹងដែរថា នឹងមានកិច្ចពិភាក្សាត្រីភាគីនៅក្រៅជំនួបកំពូលនៅថ្ងៃពុធសប្តាហ៍នេះ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីអាមេរិក។ វានឹងក្លាយជាកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំប្រទេសទាំងបីចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧។

ក្រុមមេដឹកនាំត្រូវបានគេរំពឹងថា នឹងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរបស់ពួកគេ ក្នុងការដោះស្រាយកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner