ឯកឧត្តមបណ្ឌិត មាស សារិន ផ្តាំក្មួយៗកីឡាករកីឡាការិនី ត្រូវគៀងគរមិត្តភិក្ត ឬអ្នកស្រលាញ់ប្រភេទកីឡាសីដក់ អោយចូលហ្វឹកហាត់ ដើម្បីអាចក្លាយជាធនធានរបស់សហព័ន្ធត្រៀមស៊ីហ្គេម ២០២៣
ឯកឧត្តមបណ្ឌិត មាស សារិន បានផ្តាំទៅកាន់ក្មួយៗដែលជាកីឡាករកីឡាការិនី ត្រូវគៀងគរមិត្តភិក្ត ឬអ្នកស្រលាញ់ប្រភេទកីឡាសីដក់ អោយចូលហ្វឹកហាត់ ដើម្បីអាចក្លាយជាធនធានរបស់សហព័ន្ធសម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងជាប្រវត្តិសាស្ត្រ ។
នេះជាការថ្លែងរបស់ឯកឧត្តមបណ្ឌិត មាស សារិនទីប្រឹក្សាសម្ដេច វិបុសសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ជា ប៊ុនហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅក្នុងពិធីបិទការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រភេទកីឡាសីដក់ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅអាគារមជ្ឈមណ្ឌលកីឡាសូហ្វតិន្នីស នៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត ប្រធានសហព័ន្ធ បានមានប្រសាស្រ្តថា ការហ្វឹកហាត់កីឡាប្រភេទណាក៏ដោយគឺមិនងាយស្រួលនោះទេ ដូច្នេះក្មួយៗដែលស្រលាញ់ និងចូលចិត្តលេងត្រូវមានភាពអំណត់អត់ធន់ ព្យាយ៉ាមទើបទទួលបានជោគជ័យ ។ ដោយមើលឃើញពីការចូលរួមការប្រកួតលើកនេះនៅមានកម្រិតត្រឹមតែ៥សាកលវិទ្យាល័យចូលរួមប្រកួតប៉ុណ្ណោះដូច្នេះ ឯកឧត្តមបណ្ឌិត បានស្នើអោយ ក្មួយៗកីឡាករ កីឡាការិនី ត្រូវគៀងគរមិត្តភិក្ត បងប្អូនឬអ្នកស្រលាញ់ប្រភេទកីឡានេះត្រូវជួយណែនាំគាត់ អោយចូលហ្វឹកហាត់ ដើម្បីអាចមានឱកាសចូលរួមប្រកួតតំណាងជាតិ សម្រាប់ជាតិ និងអន្តរជាតិនានា មិនថាព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ និងបន្ទាប់ពីស៊ីហ្គេមក៏ដោយ ។
ហើយឯកឧត្តមសង្ឃឹមជឿជាក់ថា សម្រាប់ការប្រកួតលើកក្រោយ នឹងអាចគៀងគរក្រុមកីឡាសីដក់អោយបានច្រើនជាងនេះបន្ថែមទៀត ដើម្បីអោយសហព័ន្ធអាចស្វែងរកកីឡាករ កីឡាការិនី ដែលមានឧបនិស្ស័យ សមត្ថភាពយកមកចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ត្រៀមការប្រកួតកម្រិតជាតិ និងអន្តរជាតិនានា។
សូមបញ្ជាក់ថា ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រភេទកីឡាសីដក់ក្រោមការរៀបចំ និងគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ព្រមទាំងសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ប្រើប្រាស់ គណៈកម្មការ១៦រូប មានក្រុមកីឡាសាកលវិទ្យាល័យ ចំនួន៥ ចូលរួមខណៈពុទ្ធិកសាកលវិទ្យាល័យសម្តេចតេជោ ហ៊ុនសែនកំពង់ចាម ដណ្តើមបានមេដាយមាស១ និងប្រាក់១គ្រឿង សាលាគរុកោសល្យភូមិភាគខេត្តកណ្តាល ដណ្តើមបានមេដាយមាស១ និងសំរឹទ្ធ១គ្រឿង និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដណ្តើមបានមេដាយមាស១គ្រឿង ៕
សារ៉ាន ទីងី