ក្រសួងអប់រំសហការជាមួយសាលា E2STEM បើកវគ្គបណ្ដុះបណ្ដាលស្ដីពីវិធីសាស្ត្របង្រៀន ដោយប្រើប្រាស់ 5E Lesson ដើម្បីលើកកម្ពស់ប្រសិទ្ធភាពរៀន និងបង្រៀនដល់លោកគ្រូអ្នកគ្រូ

ភ្នំពេញ ៖ នាយកដ្ឋានបច្ចេកវិទ្យាព័តមាន ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសាលា E2STEM រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីវិធីសាស្ត្របង្រៀន 5E Lesson ដើម្បីលើកកម្ពស់ប្រសិទ្ធភាពរៀន និងបង្រៀន ផ្ដល់ឱកាសដល់លោកគ្រូ អ្នកគ្រូបង្កើតក្រុមពិភាក្សា និងធ្វើបទបង្ហាញ ដើម្បីរកបញ្ហា និងដំណោះស្រាយ ក្នុងការជួយដល់ការសិក្សា របស់សិស្សានុសិស្សឱ្យកាន់តែមានប្រសិទ្ធភាព ដោយមានសិក្ខាកាមចូលរួមចំនួន ២២៣នាក់តាមប្រព័ន្ធអនឡាញ ។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺចង់បង្ហាញពីវិធីសាស្ត្របង្រៀនតាមបែបថ្មី បង្កើនការចូលរួមពីសិស្សានុសិស្ស បង្កើនប្រសិទ្ធភាពក្នុងការបង្រៀនតាមវិធីសាស្ត្រចំនួន៥ ដែលមានដូចជា៖
១. ចូលរួម៖ ទាក់ទាញចំណាប់អារម្មណ៍សិស្ស រំលឹកចំណេះដឹងមូលដ្ឋាន
២. រុករក៖ រុករកស្វែងយល់ប្បញ្ញត្តិថ្មី
៣. ពន្យល់៖ ពន្យល់ប្បញ្ញត្តិ ឬគំនិតដែលទទួលបានពីការរុករក
៤. ពង្រីកគំនិត៖ ពង្រីកការយល់ដឹងអំពីប្បញ្ញត្តិ ឬស្វែងរកដំណោះស្រាយក្នុងស្ថានភាពថ្មី
៥. រង្វាយតម្លៃ៖ រង្វាយតម្លៃអំពីការរីកចម្រើនក្នុងចំណេះដឹង

ក្នុងឱកាសនៃការបើកវគ្គបណ្ដុះបណ្ដាល នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ថ្លែងអំណរគុណដល់សាលា E2STEM ដែលបានចូលរួមចែករំលែកនូវវិធីសាស្ត្រលើកកម្ពស់ការរៀន និងបង្រៀនខាងលើ ព្រមទាំងបានកោតសរសើរចំពោះសិក្ខាកាមទាំងអស់ដែលមានឆន្ទៈក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាល ដើម្បីបន្តលើកកម្ពស់សមត្ថភាពបង្រៀនក្នុងសម័យឌីជីថល ព្រមទាំងលើកទឹកចិត្តឱ្យសិក្ខាកាមចែករំលែកនូវបទពិសោធន៍ វិធីសាស្រ្ដបង្រៀនថ្មីៗ សិល្បៈបង្រៀនផ្សេងៗ ដើម្បីជួយដល់សិស្សានុសិស្សអាចទទួលបាននូវចំណេះដឹងប្រកបដោយប្រសិទ្ធភាព។

ដោយមានការសំណូមពរពីលោកគ្រូ អ្នកគ្រូ ជាសិក្ខាកាម នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន គ្រោងនឹងបន្តរៀបចំវគ្គបណ្ដុះបណ្ដាលតាមអនឡាញបន្ថែមទៀត ក្នុងគោលដៅជួយបំប៉នសមត្ថភាពលោកគ្រូ អ្នកគ្រូទូទាំងប្រទេស និងដើម្បីលើកកម្ពស់គុណភាពអប់រំតាមបែបឌីជីថលឱ្យកាន់តែប្រសើរឡើង ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner