រុស្ស៊ី៖ ទាហានស៊ីឈ្នួលបរទេសជាង ៧,០០០ នាក់ បានចូលរួមប្រយុទ្ធដើម្បីអ៊ុយក្រែន
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា ទាហាន ស៊ីឈ្នួលបរទេសប្រមាណ ៧.១០៧នាក់បានចូលរួម ប្រយុទ្ធ ដើម្បីអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមនូវអ្វីដែលគេហៅថា ប្រតិបត្តិការយោធាពិសេសនៅថ្ងៃទី២៤ ខែកុម្ភៈកន្លងមក។
ឯកសារដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហាញថា យុទ្ធជនមិនមែនជាជនជាតិអ៊ុយក្រែន ប្រមាណ ២,៣៤៧នាក់បានស្លាប់ ខណៈដែលមនុស្ស ២,៧៤១ នាក់ទៀតកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន។
ក្រសួងបានបញ្ជាក់ថា ចំនួនទាហានស៊ីឈ្នួលច្រើនជាងគេ គឺមកពី ប្រទេសប៉ូឡូញ បន្ទាប់មកគឺកាណាដា និងសហរដ្ឋអាមេរិក។ ឯកសារ បានបញ្ជាក់ថា ក៏មានជនជាតិជប៉ុនម្នាក់ផងដែរនៅអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសជាលើកច្រើនសារថា ខ្លួនបាន វាយប្រហារទីតាំងដែលក្រុមយុទ្ធជនបរទេសប្រមូលផ្តុំគ្នាក្នុងប្រទេសអ៊ុយក្រែន។ ទន្ទឹមគ្នា ក្រសួងក៏បានព្រមានផងដែរថា អ្នកណាម្នាក់ (យុទ្ធជនបរទេស) ដែលត្រូវបានចាប់ខ្លួននៅរស់ នឹងត្រូវកាត់ទោស ក៏ដូចជាផ្តន្ទាទោសជាប់ពន្ធនាគារយូរបំផុត៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា