ព្រះចៅអធិការ ព្រះសង្ឃ និងគណៈកម្មការវត្តទួលទំពូង ផ្ដល់ទេយ្យទានជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដើម្បីចូលរួមចំណែកក្នុងការងារសប្បុរសធម៌
ភ្នំពេញ៖ ព្រះវិន័យវង្សា ស៊ា ប៊ុនណាត ព្រះចៅអធិការវត្តមណីរតនារាម ហៅវត្តទួលទំពូង រួមទាំងព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ្ធ បានផ្ដល់ទេយ្យទានជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗ ក្រោមវត្តមានលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខា នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងវត្តមណីរតនារាម ហៅវត្តទួលទំពូង ។
ព្រះវិន័យវង្សា ស៊ា ប៊ុនណាត មានសង្ឃដីកាថា ព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត និងពុទ្ធបរិស័ទ្ធ បានពិភាក្សាគ្នាថាយើងត្រូវតែចូលរួមចំណែកក្នុងការធ្វើសប្បុរសធម៌ដល់កាកបាទក្រហមក្នុងមូលដ្ឋានខណ្ឌចំការមន ដោយយល់ឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋ ដែលមានការខ្វះខាត ក៏ដូចជាជួបផលលំបាកផ្សេងៗនៅក្នុងដំណាក់កាលនៃជំងឺកូវីដ19។
លោក ថេង សុថុល បានលើកឡើងថា ទេយ្យទានទាំងនេះ គឺជាទឹកព្រះទ័យរបស់ព្រះសង្ឃ និងគណកម្មការអាចារ្យវត្តដែលបានមូលមតិ ឯកភាពរៀបចំនូវប្រគល់ជូនមកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដើម្បីធ្វើសកម្មភាពចែកជូនសម្ភារៈទាំងនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានកាខ្វះខាត ។
សូមជម្រាបថា ទេយ្យទានប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន រួមមាន៖ អង្ករ ចំនួន ២៥បាវ, មី ចំនួន ៥០កេស, ភេសជ្ជៈចំនួន ២៥កេស, ទឹកស៊ីអ៊ីវ ចំនួន ៥០យួរ និងថវិកាចំនួន ១,០០០,០០០រៀល ដែលគិតសរុបជាថវិកាចំនួន ៦,៣៧៥,០០០រៀល ៕ ដោយ វណ្ណលុក