ពលរដ្ឋក្នុងខណ្ឌចំការមន បង្ហាញអារម្មណ៍ក្ដុកក្ដួល បន្ទាប់ពីទទួលដំណឹងការផ្លាស់ប្ដូរអភិបាលខណ្ឌចំការមន ឱ្យទៅកាន់តំណែងជាអភិបាលខណ្ឌ៧មករា វិញ

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌចំការមន បានបង្ហាញអារម្មណ៍ក្ដុកក្ដួល នៅពេលដែលទទួលបានដំណឹងថា លោក ថេង សុថុល អភិបាលខណ្ឌចំការមន ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្លាស់ប្ដូរភារកិច្ចផ្ទេរមុខតំណែងពីអភិបាលខណ្ឌចំការមន ឱ្យទៅជាអភិបាលខណ្ឌ៧មករា វិញ ។ ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍ក្ដុកក្ដួលនេះ ក្នុងពលេដែលអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជនចាស់ជរា ដែលរស់នៅក្នុងសហគមន៍សាមគ្គីរុងរឿង ចំនួន ១០៤គ្រួសារ សង្កាត់ផ្សារដើមថ្កូវ នៅព្រឹកថ្ងៃអង្គារទី០២ ខែសីហា ឆ្នាំ២០២២ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខា និងមន្ត្រីពាក់ព័ន្ធ។

លោក ថេង សុថុល បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក និងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចគតិព្រឹទ្ធបណ្ឌិត ជាប្រធាន តែងបានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងនៅគ្រប់ទីកន្លែង ដោយមិនដែលប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរ អ្វីឡើយ ដូចពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។

លោក ថេង សុថុល បានបន្តថា ប្រជាពលរដ្ឋជនចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ត្រូវបានចាត់ទុកថា ជាមុខសញ្ញាងាយរងគ្រោះ ហើយក៏ជាមុខសញ្ញា ត្រូវសង្រ្គោះជាបន្ទាន់ ដែលត្រូវទទួលបានអំណោយនៅពេលនេះ ដើម្បីជាការដោះស្រាយជីវភាព ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយត្ន័ ជាពិសេស បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺ៖ ៣ការពារ និង ៣កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។

លោកអភិបាលខណ្ឌ ក៏បានណែរនាំដល់លោកចៅសង្កាត់ ក្នុងមូលដ្ឋានខណ្ឌ ត្រូវតែបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធភាព ព្រោះអាជ្ញាធរមិនមែនជាចៅហ្វាយនាយប្រជាពលរដ្ឋនោះទេ ប្រសិនបើប្រជាពលរដ្ឋ ត្រូវការបំពេញឯកសារ ឬលិខិតស្នាមផ្សេងៗ ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង ១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ មី ម៉ាស ជែលសម្លាប់មេរោគ និងថវិកាមួយចំនួន ។

សូមជម្រាបថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលខណ្ឌសរុបចំនួន ៩រូប។ នៅក្នុងអនុក្រឹត្យនេះ សម្តេចតេជោ បានផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០៦រូប ដោយក្នុងនោះ លោក ថេង សុថុន ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ ត្រូវបានផ្ទេរពីអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner