រាជរដ្ឋាភិបាលកម្ពុជាសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ធ គោរពចំពោះកិច្ចព្រមព្រៀងដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍រួមនានាកន្លងមក

ភ្នំពេញ៖ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ធ គោរពចំពោះកិច្ចព្រមព្រៀងដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍រួមនានាកន្លងមក។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់សភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៅ ច្រកសមុទ្រតៃវ៉ាន់ និងសូមធ្វើសេចក្តីថ្លែងការណ៍ ដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយដែល ត្រូវបានចុះហត្ថលេខារវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក ដូចដែលមានចែងក្នុង សេចក្ដីថ្លែងការណ៍រួមនានាកន្លងមក រវាងភាគីទាំងពីរ។

រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវ «គោលនយោបាយចិនតែមួយ» ដោយឥតងាករ ហើយ ចាត់ទុកបញ្ហានានាពាក់ព័ន្ធនឹងហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន និងជា សិទ្ធិអធិបតេយ្យរបស់សាធារណរដ្ឋប្រជាមានិតចិន។

រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះស្រាយប្រកបដោយ សន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងការបង្កហេតុ ដើម្បីបុព្វហេតុនៃសន្ដិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕
ដោយ :សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner