ការ​​ផ្ទុះ​ដ៏​កក្រើកកើតឡើងក្នុងមូលដ្ឋាន​ទ័ព​អាកាស​រុស្ស៊ីនៅ​គ្រីមៀ ខណៈអ៊ុយក្រែនបដិសេធការទទួលខុសត្រូវ

​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​​និយាយ​ក្រោយ​ឧបទ្ទវហេតុកាល​ពី​ថ្ងៃ​អង្គារ​​ថា​​ «​ការ​ផ្ទុះ​​ឃ្លាំង​ផ្ទុក​គ្រាប់​រំសេវទ័ព​អាកាស​ជាច្រើន​»​ បាន​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​នៅ​មូលដ្ឋាន​ទ័ព​អាកាស ​Saki​​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​នៃ​ឧបទ្វីប​ ដែល​រុស្ស៊ី​កាន់​យក​ពី​អ៊ុយក្រែន​ក្នុងឆ្នាំ​ ២០១៤។

ក្រសួង​និយាយ​ថា​ វា​មិន​មែន​កើត​ឡើង​ដោយ​សារ​តែ​ការ​វាយ​ប្រហារ​របស់​នរណា​មួយ​នោះ​ទេ​ ខណៈ​ឧបករណ៍នៃ​​ទ័ព​អាកាស​ក៏​មិនរង​​ខូច​ខាត​​ ហើយ​ «គ្មាន​នរណា​ម្នាក់​រង​គ្រោះ​»។

យ៉ាង​ណាមិញ​ នាយក​ដ្ឋាន​សុខាភិបាល​នៅ​គ្រីមៀ​​និយាយ​ថា​ ជន​ស៊ីវិល​ម្នាក់​ត្រូវ​បាន​សម្លាប់ ​និង​មនុស្ស​ ៨ ​នាក់​ផ្សេង​ទៀត​បាន​រង​របួស​។​​យោង​តាម​​សាក្សី​ដែល​​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ស្រង់​សម្ដី​ ការ​ផ្ទុះ​កើត​ឡើង​សរុប​ចំនួន ​១៣​ ដង​ខ្លាំង​ៗ។ ​

ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន​លោក​Mykhailo Podolyak ​លើក​ឡើង​ថា​ ការ​ផ្ទុះ​ដ៏​​កក្រើក​ជា​បន្ត​បន្ទាប់​នៅ​នេះ​​អាច​ជា​ស្នាដៃ​របស់​អ្នក​បំផ្លិច​បំផ្លាញ​បក្ស​ពួក​ខណៈ​ក្រុង​កៀវ​បដិសេធ​រាល់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​លើ​ទឹក​ដី​ដែល​រុស្ស៊ី​កាន់​កាប់​មួយ​នេះ​។​ ​

លោក​ Podolyak​ និយាយ​ថា​ អ៊ុយក្រែន​មិន​មាន​ទំនួល​ខុស​ត្រូវ​លើ​ករណី​នេះទេ​ ប៉ុន្តែលោក​​ស្នើ​ថា​ អសមត្ថភាព​របស់​រុស្ស៊ី​ អាច​ជា​មូល​ហេតុ​​ដែល​ធ្វើ​ឱ្យ​មាន​ការ​ផ្ទុះ​។ទីប្រឹក្សា​លោក​ប្រធានាធិបតី​ វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដដែល​​​​បន្ថែម​​ថា​​​៖​«​​អ្នក​​ដែល​​រស់​​នៅ​​ក្រោម​​ការ​​កាន់​កាប់​[របស់​រុស្ស៊ី​]​យល់​​ថា​​ការ​​កាន់​កាប់​​នេះ​​នឹង​​ត្រូវ​​បញ្ចប់​​»​​​។​

ចំណែក​លោក​ ហ្សេលេនស្គី​ វិញ​ មិន​បាន​និយាយ​ដោយ​ផ្ទាល់​ អំពី​ការ​បំផ្ទុះ​នៅ​មូលដ្ឋាន​ទ័ព​អាកាស ​Saki នោះ​ទេ​ ប៉ុន្តែ​និយាយ​ថា​ វា​​ជា​ការ​ត្រឹម​ត្រូវ​ ដែល​មនុស្ស​កំពុង​ផ្តោត​លើ​​តំបន់​គ្រីមៀ​ ហើយ​ «​យើង​នឹង​មិន​បោះ​បង់​ចោល​វា​ទេ​។ តំបន់​សមុទ្រ​ខ្មៅ​មិន​អាច​មាន​សុវត្ថិភាព​ទេ​ ខណៈ​​ដែល​គ្រីមៀ​ត្រូវ​បាន​[រុស្ស៊ី]កាន់​កាប់»។ ​

នៅ​លើ​បណ្តាញ​​សង្គម​ផ្សេង​ៗ​ ​​មាន​​ការ​​ភ្ញាក់​​ផ្អើល​​ជាមួយ​​នឹង​​ការ​​សន្និដ្ឋាន​ ​​វា​ជា​ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​​ដោយ​​ប្រើ​​មីស៊ីល​​រយៈ​ចម្ងាយ​​ឆ្ងាយ​​ ខណៈ​កាសែត​ញូវយ៉ក​ថែមស៍​​​ស្រង់​​សម្ដី​ប្រភពមន្រ្តី​​​អ៊ុយក្រែន​ដែល​​មិន​បញ្ចេញ​ឈ្មោះ​ថា​ ​​យោធា​​របស់​​ខ្លួន​ជា​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​នេះ​។ ​​

បើ​​សិន​វា​ជា​ការ​វាយ​ប្រហារ​ដោយ​អ៊ុយក្រែនពិត​មែន​ ​នោះ​​វា​នឹង​ក្លាយ​ជាការ​បង្ហាញ​ ​ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​លើក​ដំបូង​លើ​ឧបទ្វីប​ និង​ភាព​តាន​តឹង​នៃ​ជម្លោះ​។

កាល​ពី​ខែ​មុន​ ​ទីស្នាក់ការ​កណ្តាល​នៃ​កង​នាវា​ចរ​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី​នៅ​កំពង់ផែ​គ្រីមៀ​នៃ​ទីក្រុង​Sevastopol ​រង​ការ​វាយ​ប្រហារ​​ដោយ​ការ​ផ្ទុះ​តូច​មួយ​ពីដ្រូន​ ដែល​រុស្ស៊ី​ស្តី​បន្ទោស​ទៅ​លើ​​អ៊ុយក្រែន​។​យ៉ាង​ណា​ក៏​ដោយ​ កន្លង​មក​ ​ក្រុម​មន្ត្រី​នៅ​ទីក្រុង​ម៉ូស្គូ​បាន​ព្រមាន​អ៊ុយក្រែន​​ថា​ ការ​វាយ​ប្រហារ​ណា​មួយ​លើ​គ្រីមៀ​ នឹង​បង្ក​ឱ្យ​មាន​ការ​សង​សឹក​ដ៏​ធំ​ រួម​ទាំង​ការ​វាយ​ប្រហារ​អាគារ​រដ្ឋ​បាល​សំខាន់​ៗ​នៅ​ក្រុង​កៀវ​។ ​

មូលដ្ឋាន Saki ដែល​រង​ការ​បំផ្ទុះ​នេះ​ ជា​កន្លែង​មួយ​សម្រាប់​ដាក់​យន្ត​ហោះ​ចម្បាំង​រុស្ស៊ី​ ហើយ​ក៏​ត្រូវ​បាន​រុស្ស៊ី​ប្រើ​​ ដើម្បី​បើក​ការ​វាយ​ប្រហារអ៊ុយក្រែន​​ពី​ភាគ​​ខាង​ត្បូង។ មូល​ដ្ឋាន​ទ័ព​ក្នុង​តំបន់​គ្រីមៀ​នេះ​ ក៏​នៅ​ជិត​សមរភូមិតាន​តឹង​​នៃ​តំបន់​ Kherson របស់អ៊ុយក្រែន​ ដែល​រុស្ស៊ី​កាន់​កាប់​​ក្រោយ​ការ​ឈ្លាន​ពាន​។ ​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner