សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី១៣-១៦ ខែសីហា

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ WEI FENG HE សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។

ក្រសួងការពារជាតិបានបន្តថា នៅក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម នាយឧត្ដមសេនីយ៍ XU QI LIANG អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នឹងអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន នៅទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន។

ប្រភពដដែលបានបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ នឹងជួបពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នា អំពីបញ្ហាតំបន់ និងអន្តរជាតិជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ XU QI LIANG និងអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើពិធីសារចំនួនពីរ ១.កិច្ចសហប្រតិបត្តិការយោធា និង២.កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា សំដៅលើកកម្ពស់សមត្ថភាពកងទ័ព និងធ្វើទំនើបកម្មហេដ្ឋ រចនាសម្ព័ន្ធផ្នែកទន់-រឹង ដើម្បីឱ្យវិស័យការពារជាតិកាន់តែរីកចម្រើនមួយកម្រិតថែមទៀត។ ជាមួយគ្នានេះ គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ នឹងអញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ ដែលរៀបចំដោយឯកឧត្តម នាយឧត្តមសេនីយ៍ XU QI LIANG ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ក្រោយវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ជាសកល៕
ដោយ៖ពលជ័យ

ads banner