ក្រសួងអប់រំបំភ្លឺជុំវិញមូលហេតុអ្វីដែលដេប៉ាកតឺម៉ង់ភាសាបរទេសបង្រៀនភាសាវៀតណាម? (Video Inside)

ក្រសួងអប់រំបានបញ្ជាក់នូវការរៀបចំបង្រៀនឯកទេសនៃភាសាបរទេសទាំងឡាយនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណៈដែលមានរិះគន់តាមបណ្តាញសង្គមខ្លះដែលមិនចង់ឱ្យកម្ពុជា បើកបង្រៀនឯកទេសភាសាវៀតណាម។

កម្ពុជាដែលកំពុងធ្វើសមាហរណកម្មទាំងក្នុងតំបន់ និងពិភពលោក បានបង្កើតដេប៉ាកតឺម៉ង់ Department ភាសាបរទេសនៅកម្ពុជា ដែលមិនមែនជារឿងថ្មី និងមិនធ្លាប់មានតាមបណ្តាប្រទេសលើសកលលោកឡើយ ប៉ុន្តែការឃោសនាប្រឆាំងនឹងយួនដោយក្រុមធ្វើនយោបាយប្រឆាំង បាននាំឱ្យមនុស្សដែលមានទស្សនៈនយោបាយ លំអៀងមិនចូលចិត្តវៀតណាម ហើយតែងលើកនូវអ្វីដែលមិនល្អចោទទម្លាក់ដាក់លើប្រទេសវៀតណាម។

ភាពមិនល្អនេះហើយ បាននាំឱ្យការបង្រៀនភាសាឯកទេសវៀតណាម ត្រូវបានមនុស្សមួយចំនួនគិតថាជារឿងមិនល្អ ហើយព្យាយាមរារាំងកម្ពុជាមិនឱ្យរៀនភាសាវៀតណាម ។ មន្ត្រីនាំពាក្យក្រសួងអប់រំលោក រស់ សុវាចា បានថ្លែងពន្យល់នៅថ្ងៃទី១៦សីហាឆ្នាំ២០២២ ក្នុងសន្និសីទកាសែតថាការបង្កើតដេប៉ាកតឺម៉ង់ភាសាបរទេសមិនមែនបង្រៀនតែត្រឹមភាសា វៀតណាមប៉ុណ្ណោះទេ, ភាសាដទៃបារាំង, អង់គ្លេស, ជប៉ុន, ចិន, កូរេ និងភាសាថៃក៏មាន បង្រៀនផងដែរ។

ក្រោមកិច្ចសហការរវាងវិស័យអប់រំរវាងកម្ពុជា និងប្រទេសជាមិត្ត មានប្រទេសជាច្រើនបាន បញ្ជូននិស្សិតរបស់ពួកគេមករៀនភាសាខ្មែរ និងក៏មាននិស្សិតខ្មែរបានចេញទៅរៀនភាសាបរទេសរបស់គេវិញ ដើម្បីយកទៅប្រើប្រាស់ក្នុងតម្រូវការផ្សេងៗទាំងស្ថាប័នរដ្ឋ និងឯកជន រួមមានទាំងការងារបកប្រែផងដែរ។

ការបង្កើតដេប៉ាកតឺម៉ង់ ភាសាវៀតណាមនេះ ត្រូវគេចាត់ទុកថា គឺជាការផ្តល់ឱកាសឱ្យនិស្សិតទទួលបានអាហារូបករណ៍ទទួលបានការរៀនសូត្រភាសាវៀតណាម មុននឹងចេញទៅរៀននៅវៀតណាម ដើម្បីបង្កភាព ងាយស្រួលដល់ពួកគេក្នុង ការសិក្សានៅប្រទេសវៀតណាមផងដែរ។

លោក រស់ សុវាចា បានឲ្យដឹងដែរថា តាំងពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២១ មានសិស្សខ្មែរទទួល បានអាហាររូបករណ៍នៅវៀតណាម មានចំនួន ៣ពាន់៩៦៧នាក់ ក្នុងនោះរួមមានស្រី ៥១៨ នាក់។

ads banner