ប្រមុខអង្គការណាតូថា វាជារឿងបន្ទាន់ក្នុងការអនុញ្ញាតឱ្យមានការត្រួតពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែន

ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូលធិនប៊ឺក បានគូសបញ្ជាក់ថា វាគឺជារឿង “បន្ទាន់” ដែលទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិចអន្តរជាតិរបស់អង្គការសហប្រជាជាតិ ត្រូវបានអនុញ្ញាតឱ្យត្រួតពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ក្នុងប្រទេសអ៊ុយក្រែន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធារុស្ស៊ី។

លោក ស្តូលធិនប៊ឺគ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងព្រុចសែលថា ការរឹបអូសយករោងចក្រពីសំណាក់កងកម្លាំងរុស្ស៊ី បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាព និងសន្តិសុខនៅទីកន្លែងនេះ ហើយបង្កើនហានិភ័យនៃឧបទ្ទវហេតុនុយក្លេអ៊ែរ។

លោកថា វាជារឿងបន្ទាន់ក្នុងការអនុញ្ញាតឱ្យមានការត្រួតពិនិត្យដោយទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ និងដើម្បីធានាឱ្យមានការដកកងកម្លាំងរុស្ស៊ីទាំងអស់ចេញពីទីនោះ។
លោក ស្តូលធិនប៊ឺគ បានបញ្ជាក់យ៉ាងដូច្នេះទៀតថា ការគ្រប់គ្រងដោយយោធារុស្ស៊ីនៅទីកន្លែងនេះ បានបង្កគ្រោះថ្នាក់ដល់ប្រជាជនអ៊ុយក្រែន, ប្រជាជនប្រទេសជិតខាង និងសហគមន៍អន្តរជាតិ។

កងទ័ពរុស្ស៊ី ឥឡូវនេះប្រើប្រាស់ទីតាំងជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរជាតំបន់យុទ្ធសាស្រ្ត និងជាវេទិកាមួយ ដើម្បីបើកការវាយប្រហារដោយកាំភ្លើងធំលើកងកម្លាំងអ៊ុយក្រែន ហើយនេះគឺជាសកម្មភាពមិនប្រុងប្រយ័ត្ន និងគ្មានការទទួលខុសត្រូវឡើយ ៕ ប្រភព៖ Aljazeera

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner