ទឹកជំនន់និងបាក់ដីបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ ខណៈភ្លៀងរដូវវស្សាធ្លាក់ខ្លាំងនៅឥណ្ឌាភាគខាងជើងនិងខាងកើត
មន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ទឹកជំនន់និងបាក់ដីដែលបង្កឡើងដោយភ្លៀងរដូវវស្សា បានបណ្តាលឱ្យមនុស្សយ៉ាងតិច៥០នាក់ស្លាប់ នៅឥណ្ឌាភាគខាងជើង និងខាងកើត។
ទឹកភ្លៀង បានជន់លិចរាប់រយភូមិ ដោយបានហូរអូសផ្ទះសំបែងជាច្រើនខ្នងទៅជាមួយ និងបណ្តាលឱ្យអ្នកស្រុកជាប់តែលតោល ខណៈបុគ្គលិកសង្គ្រោះ បានខិតខំប្រឹងប្រែងជម្លៀសអ្នកដែលរួចផុតពីគ្រោះថ្នាក់។
កាលពីដើមខែនេះ ការិយាល័យអាកាសធាតុសហព័ន្ធ បានព្យាករថា ប្រទេសឥណ្ឌា ទំនងជានឹងទទួលបរិមាណទឹកភ្លៀងមធ្យមក្នុងខែសីហា និងកញ្ញា ដោយបានបង្ហាញពីទិន្នផលដំណាំទូទៅល្អនៅក្នុងប្រទេសសេដ្ឋកិច្ចធំទី៣នៅអាស៊ី ដែលពឹងផ្អែកលើកសិកម្ម ដើម្បីជំរុញការរីកចម្រើននិងបង្កើតការងារ។
កសិកម្ម បានរួមចំណែកប្រហែល១៥ភាគរយដល់សេដ្ឋកិច្ច២,៧ទ្រីលានដុល្លារ ខណៈដែលទ្រទ្រង់ជាងពាក់កណ្តាលនៃប្រជាជន១,៣ប៊ីលាននាក់។
មន្ត្រីរដ្ឋាភិបាលរដ្ឋម្នាក់ បានថ្លែងប្រាប់សារព័ត៌មាន Reutersថា ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យបាក់ដី និងជំនន់នៅក្នុងរដ្ឋ Himachal Pradesh នៃតំបន់ជួរភ្នំហិម៉ាល័យ កាលពី៣ថ្ងៃកន្លងទៅ បានបណ្តាលឱ្យមនុស្សយ៉ាងតិច៣៦នាក់ ស្លាប់៕
ប្រភព៖ Yahoo News