សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យគណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដឹកនាំដោយ ឯកឧត្តម លីវ ជានចាវ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅវិមាន ៧មករា រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់គណបក្សទាំង២ផងដែរ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តមលីវ ជានចាវ ព្រមទាំងគណប្រតិភូនិងអបអរសាទរចំពោះឯកឧត្តមដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីទំនាក់ទំនង អន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន កាលពីខែឧសភាកន្លងទៅ។
ជាមួយគ្នានោះសម្តេចប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា នៅឆ្នាំ២០២៣ខាងមុខនេះ គឺជាឆ្នាំគម្រប់ខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចធ្វើការជិតស្និទ្ធជាមួយមិត្តចិន ក្នុងការរៀបចំសកម្មភាពនានាដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ។
សម្តេចប្រធានព្រឹទ្ធសភាក៏បានសម្តែងនូវក្តីសប្បាយរីករាយណាស់ដែលបានឃើញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរមានការរីកចម្រើនឥតឈប់ឈរ ឈាន ដល់កម្រិតមិត្តភាពដែកថែប ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។
ឯកឧត្តម លីវ ជានចាវ បានជម្រាបជូនសម្ដេចប្រធានព្រឹទ្ធសភាថា ឯកឧត្តមបានមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០០៤ រយៈពេល ១៨ឆ្នាំកន្លងមកនេះ កម្ពុជា មានការផ្លាស់ប្ដូរយ៉ាងខ្លាំង ដោយព្រះរាជាណាចក្រទាំងមូល មានភាពស្រស់បំព្រង សេដ្ឋកិច្ចមានការលូតលាស់ ទីក្រុងមានការអភិវឌ្ឍ ប្រជាជនមានទឹកមុខញញឹមប្រិមប្រិយ និងតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ត្រូវបានទទួលស្គាល់ និងគោរព ដែលទាំងនេះ បានឆ្លុះបញ្ចាំងនូវការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគួរជាទីគំរូសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍ ។
ឯកឧត្តម លីវ ជានចាវ បានគោរពជម្រាបជូនសម្ដេចវិបុលសេនាភក្តីបន្ថែមថា ការអភិវឌ្ឍសេដ្ឋកិច្ចជាមូលដ្ឋាន បំពេញអោយសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា ក្នុងន័យនេះ ភាគីចិន នឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា ឲ្យកាន់តែខ្លាំងឡើង ជាពិសេស ជំរុញការនាំទំនិញកសិផលកម្ពុជា ទៅកាន់ទីផ្សារចិន, ការបង្កើនការហោះហើរត្រង់មកកាន់កម្ពុជា, ការលើកទឹកចិត្តឲ្យអ្នកវិនិយោគចិនមកកាន់កម្ពុជា និងជួយកម្ពុជា លើការអភិវឌ្ឍថាមពលបៃតង ។
ជាចុងក្រោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សង្ឃឹមជឿជាក់ថា សម្រាប់អនាគត ក្នុងស្ថានភាពដែលសភាពការណ៍ពិភពលោក និងតំបន់បន្ត ប្រែប្រួលឆាប់រហ័ស ស្មុគស្មាញ និងពិបាកប៉ាន់ស្មាន ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច យោធា និងសន្តិសុខ គណបក្សយើងទាំងពីរត្រូវតែពង្រឹងពង្រីកថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កិច្ចសម្របសម្រួល និងការជួយគ្នាទៅវិញទៅមកឱ្យកាន់តែ ជិតស្និទ្ធ និងរឹងមាំជាងនេះទៀត ៕ ដោយ ថេត វិចិត្រ + ហេង សម្បត្តិ