រដ្ឋលេខាធិការក្រសួងការបរទេស ជំរុញក្រុមការងារជំនាញយន្តការអេកម៉ិក បន្តពិភាក្សាបន្ថែមទៅលើខ្លឹមសារឯកសារពាក់ព័ន្ធ សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំកំពូលអេកម៉ិក លើកទី១០ នៅចុងឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីស្តីទីកម្ពុជាយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) បានជំរុញឱ្យក្រុមការងារជំនាញស្ថិតក្រោមយន្តការអេកម៉ិក បន្តពិភាក្សាបន្ថែមទៅលើខ្លឹមសារនៃឯកសារពាក់ព័ន្ធ សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំកំពូលអេកម៉ិកលើកទី១០ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២២ នាពេលខាងមុខនេះ។
ការជំរុញបែបនេះរបស់ ឯកឧត្តម សុខ សូកេន បានធ្វើឡើងនាឱកាសដែលលោកបានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្រ្តីអេកម៉ិក ដែលភាគីឡាវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ នៅទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីឧត្តមមន្រ្តីអេកម៉ិករួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។
ឯកឧត្តម ក៏បានផ្ដល់នូវធាតុចូល និងទស្សនៈសំខាន់ៗ លើទិសដៅយន្តការនានា ដែលស្ថិតក្រោមក្របខណ្ឌអេកម៉ិក ដើម្បីបន្តចូលរួមចំណែកក្នុងការបំពេញបន្ថែម ជាមួយនឹងយន្តការអនុតំបន់មេគង្គដទៃទៀត ក្នុងការជំរុញនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសេដ្ឋកិច្ចនៅក្នុងតំបន់ ដែលផ្សារភ្ជាប់ទៅនឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។
ជាមួយគ្នានេះផងដែរ កិច្ចប្រជុំឧត្តមមន្រ្តីហិរញ្ញវត្ថុអេកម៉ិកលើកទី៦ ក៏បានប្រព្រឹត្តទៅ នៅទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីឧត្តមមន្រ្តីហិរញ្ញវត្ថុអេកម៉ិកនៃប្រទេសសមាជិកអេកម៉ិក ទាំងអស់ផងដែរ៕សេឌី