ក្រុមហ៊ុន ខេមប្រ៊ូវ ចុះអនុស្សរណៈយោគយល់គ្នាជាមួយអង្គការសំអាតទន្លេសមុទ្រ ដើម្បីគាំទ្រដល់ «បេសកកម្មសម្អាតទន្លេជាប្រវត្តិសាស្រ្ដ»
ខេត្តកណ្តាល៖ ក្រុមហ៊ុន ខេមប្រ៊ូវ បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយអង្គការសម្អាតទន្លេសមុទ្រនាពេលថ្មីៗនេះ ក្នុងការជួយគាំទ្រដល់បេសកកម្មសម្អាតទន្លេជាប្រវត្តិសាស្រ្ត នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលមានប្រសាសន៍ថា បរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយទាមទារចាំបាច់នូវការចូលរួមរបស់យើងទាំងអស់គ្នាក្នុងការថែរក្សាអនាម័យ បរិស្ថានជុំវិញខ្លួនយើងឱ្យបានស្អាត បង្កើតបរិយាកាសល្អ និងមានផាសុកភាពសម្រាប់ការរស់របស់យើង ។
បន្ថែមលើនេះ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាសម្អាតសំរាមនៅលើគោក និងសំរាមក្នុងទឹកឱ្យអស់ ក្រោមពាក្យស្លោក «កម្ពុជាស្អាតផ្តើមចេញពីយើងម្នាក់ៗ» ។
លោក នូ សុវណ្ណ នាយកប្រតិបត្តិនៃអង្គការសម្អាតទន្លេសមុទ្រ បានបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍គំរូមួយ ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ចូលរួមសហការពីវិស័យឯកជន ក្នុងការជួយគាំទ្រដល់បេសកកម្មយើង ដើម្បីជំរុញបន្តការអនុវត្តក្នុងរយៈពេលវែង និងជាកម្លាំងរួមគ្នាយកសំរាមទាំងអស់ចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដោយទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាទំនើបរបស់ everwave មកពីប្រទេសអាល្លឺម៉ង់ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាការចូលរួមពីប្រជាពលរដ្ឋ។
លោកក៏បានអំពាវនាវដល់ក្រុមហ៊ុនឯកជនផ្សេងៗទៀត និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមសម្អាតទន្លេរហូតអស់សំរាម និងទប់ស្កាត់ការបោះសំរាមចោលបំពុលបរិស្ថាន ជាពិសេសទន្លេ និងសមុទ្ររបស់យើង។ ការទុកដាក់បែងចែកសំណល់តាមផ្ទះនីមួយៗឲ្យបានត្រឹមត្រូវ នឹងក្លាយជាធនធានដ៏មានប្រយោជន៍បំផុតសម្រាប់ប្រទេសយើងទាំងមូល ប្រសើរសម្រាប់បរិស្ថានជុំវិញផ្ទះ ភូមិយើង ប្រសើរសម្រាប់សេដ្ឋកិច្ច និងប្រសើរសម្រាប់ធម្មជាតិរបស់យើង។
នាឱកាសនោះដែរ លោកស្រី វ៉ាន់ អាម៉ូនិច្ច ប្រធានគ្រប់គ្រងផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ខេមប្រ៊ូវ ក៏បានលើកឡើងផងដែរថា ការចុះអនុស្សរណៈ និងព្រឹត្តិការណ៍សម្អាតទន្លេនេះ គឺជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដើម្បីលើកកម្ពស់ការយល់ដឹង ក៏ដូចជាការការពារបរិស្ថាន និងធនធានទឹករួម ស្របតាមគោលដៅចីរភាពរបស់ក្រុមហ៊ុន «ការអភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ & ថ្ងៃស្អែក» និងមហិច្ឆតារបស់ក្រុមហ៊ុន «រួមគ្នាឆ្ពោះទៅកាន់ហ្សេរ៉ូ និងលើសពីនេះ»។
លោកស្រីបន្តថា យើងមានហេតុផលសំខាន់ពីរ ដែលជំរុញឲ្យមានការចុះអនុស្សរណៈនេះគឺ៖
• បរិស្ថាន – បញ្ហាបរិស្ថាន កាន់តែតានតឹងជាងពេលណាៗទាំងអស់។ ការដោះស្រាយបញ្ហាបរិស្ថាន ទាមទារឲ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា និងតាមវិធីសាស្ត្រដ៏ត្រឹមត្រូវ។ នៅក្រុមហ៊ុន ខេមប្រ៊ូវ បានកំពុងបោះជំហានឆ្ពោះទៅកាន់ «គ្មានការបំភាយកាបូន» នៅរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈរបស់យើង។
• ទឹក – ទឹក គឺជាគ្រឿងផ្សំដ៏សំខាន់ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈរបស់យើង។ ហើយទឹក នឹងក្លាយជាធនធានដែលកាន់តែមានតម្លៃទៅៗ។
ដូច្នេះ យើងត្រូវមានទំនួលខុសត្រូវក្នុងការធានាថា ពួកយើងបានកំពុងប្រើប្រាស់ទឹកដោយសន្សំសំចៃ និងប្រកបដោយសក្កិសិទ្ធភាពក្នុងប្រតិបត្តិការអាជីវកម្មរបស់យើង។ យើងចូលរួមជួយការពារធនធានទឹក និងប្រភពទឹកសាធារណៈ ហើយយើងនឹងប្រគល់ត្រលប់ឲ្យសហគមន៍វិញនូវទឹកស្អាតដែលស្មើនឹងបរិមាណទឹកដែលយើងបានប្រើប្រាស់ក្នុងខ្សែសង្វាក់ផលិតកម្មរបស់យើង។
ក្រុមហ៊ុន ខេមប្រ៊ូវ បានជឿជាក់ថា ការចុះអនុស្សរណៈនេះជាការបង្ហាញនូវចក្ខុវិស័យរួមគ្នា រវាងវិស័យសាធារណៈ វិស័យឯកជន ប្រជាជន និងសហគមន៍ ដើម្បីជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។ រួមគ្នា យើងនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើតអនាគតរួមគ្នាដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នា៕ ដោយ៖ ទីណា



