ឯកឧត្តម កែវ រតនៈ ប្រគល់ថវិកាចំនួន ៣០៥,០០០ដុល្លារអាមេរិកដល់សាខាកាកបាទក្រហមខេត្តពោធិ៍សាត់

នៅក្នុងឱកាសអបអរសាទរខួបលើកទី១៥៩ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ដោយឆ្នាំនេះក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានានិងបន្តពង្រឹងភាពធនសហគមន៍ » នារសៀលថ្ងៃទី២៩ ខែសីហាឆ្នាំ២០២២នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានប្រគល់ថវិកាចំនួន ៣០៥,០០០ដុល្លារអាមេរិក ដែលបាន កៀរគរស្វែងរកមូលនិធីទាំងក្នុង និងក្រៅប្រទេសត្រូវបានប្រគល់ជូន ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នៅស្នាក់ការសាខា ។

ឯកត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ថវិកាចំនួន ៣០៥,០០០ដុល្លារអាមេរិក ដែលបានប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្កពោធិ៍សាត់នាពេលនេះគឺបានមកពីការចូលរួមជួយឧបត្ថម្ភគាំទ្រពីអង្គភាពអគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា សប្បុរសជននិងបណ្តាក្រុមហ៊ុននានាទាំងក្នុងនិងក្រៅប្រទេស ជាការចូលរួមអបអរសាទរខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ស្ថិតក្រោម ប្រធានបទ « ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានានិងបន្តពង្រឹងភាពធនសហគមន៍» ។

ជាមួយគ្នានោះ ឯកឧត្តម បានសម្តែងនូវការកោតសរសើរលើការងារ គ្រប់គ្រង ដឹកនាំរបស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីនិងក្រុមការងារទាំងអស់ដែលបានខិតខំបំពេញតួនាទី ភារកិច្ចទទួលបានជោគជ័យលើវិស័យមនុស្សធម៌និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗបានទាន់ពេលវេលានៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម កែវ រតនៈ ដោយបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំរូបឯកឧត្តម ផ្ទាល់ តែងតែខិតខំនិងចំណាយពេលវេលាជាច្រើនដើម្បី កៀរគរស្វែងរកមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ។ជាក់ស្តែងក្នុងឱកាសខួបលើកទី១៥៩ទិវាពិភពលោក កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២១ តាមរយៈ ឯកឧត្តម ទទួលបានថវិកាចំនួន ៣០៥,០០០ដុល្លារអាមេរិក ។ ឯកឧត្តម បានលើកឡើងថា ជារៀងរាល់ឆ្នាំនៅកម្ពុជានិយាយរួម ដោយឡែកនៅខេត្តពោធិ៍សាត់ តែងតែបានរៀបចំទិវាមនុស្សធម៌ ក្នុងគោលបំណងកៀរគររកមូលនិធិ ប៉ុន្តែ២ឆ្នាំចុងក្រោយនេះ បានខកខានទៅវិញដោយសារវិបត្តិជំងឺកូវីដ១៩។ ទោះស្ថិតក្នុងស្ថានភាពនេះក៏ដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជានិងជាប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្ត ព្រមទាំង ឯកឧត្តម លោកកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និង បណ្តាក្រុមហ៊ុន ពាណិជ្ជករនិងអាជីវករ នៅតែបន្តចូលរួមជួយទ្រទ្រង់សកម្មភាពសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ជាប់ជាប្រចាំមិនដែលខកខាននោះឡើយ។

ឯកឧត្តម បានថ្លែងជម្រាបជូនថា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាសូមសន្យាយកថវិកាទាំងនេះទៅប្រើប្រាស់ ចាត់ចែងនិង ជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗឱ្យបានទាន់ពេលវេលា ស្របទៅតាមគោលការច្បាស់លាស់និងចំគោលដៅ ដូចពាក្យថា «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា»៕ ចេង ពុំ

ads banner