ចិន៖ ក្រុមហ៊ុនរដ្ឋទិញយកភាគហ៊ុននៃក្រុមហ៊ុនអចលនទ្រព្យដ៏ធំ បំផុតរបស់ប្រទេស
ក្រុមហ៊ុនរដ្ឋចិន ដែលស្ថិតទីក្រុងសិនយ៉ាង (Shenyang) ភាគពាយ័ព្យប្រទេសចិន បានទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande Group ដែលមានក្នុងធនាគារ Shengjing។ ជាការទិញតាមរយៈការដេញថ្លៃក្នុងតម្លៃ៧.៣ប៊ីលានយ័ន ឬប្រហែល ១.០៥ប៊ីលានដុល្លារ។ នេះបើតាមទិន្នន័យនៃវេទិកាដេញថ្លៃរបស់ក្រុមហ៊ុន Alibaba នាថ្ងៃពុធ ទី០៧ ខែកញ្ញា។
កាលពីអំឡុងខែកក្កដា កន្លងទៅ ក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេលំដាប់ទី2របស់ចិន និងជំពាក់បំណុលច្រើនជាងគេនោះ បាននិយាយថាក្រុមហ៊ុន ដែលជាសាខារបស់ខ្លួននៅក្រុងណានចាង ត្រូវបំពេញកាតព្វកិច្ចបំណុលប្រមាណ ៧.៣ប៊ីលានយ័ន។ ដោយសារតែមិនអាចបំពេញកាតព្វកិច្ចបំណុលតាមពេលកំណត់ ក្រុមហ៊ុន Evergrande បានសន្យារសងបំណុល ដោយធានារម្ចាស់បំណុលនូវភាគហ៊ុនចំនួន ១.៣ប៊ីលាននៅក្នុងធនាគារ Shengjing។
ក្នុងវេទិកាដេញថ្លៃ ភាគហ៊ុនចំនួន ១.៣ប៊ីលាននៅក្នុង ធនាគារ Shengjing ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande ត្រូវបានដេញថ្លៃដោយតុលាការប្រជាជននៃក្រុងសិនយ៉ាង ក្នុងតម្លៃដំបូង ៧.៣ប៊ីលានយ័ន។
នៅក្នុងពេលដេញថ្លៃនោះ គឺមិនមានវត្តមានក្រុមហ៊ុនផ្សេងទៀតទេ ពោលគឺមានតែក្រុមហ៊ុនមួយប៉ុណ្ណោះដែលបានដេញថ្លៃយកភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande ក្នុងតម្លៃដំបូង ៧.៣ប៊ីលានយ័ន។ ប៉ុន្តែក្រុមហ៊ុនមួយនេះ គឺជាបណ្តុំនៃក្រុមហ៊ុនចំនួន៧ចូលគ្នា ក្នុងនោះក៏មានក្រុមហ៊ុនគ្រប់គ្រងទ្រព្យរបស់រដ្ឋចិន និងក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យារបស់ចិនជាដើម។
Evergrande ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងគេលំដាប់ទី២របស់ចិន ដែលមានបំណុលប្រមាណ ៣០០ប៊ីលានដុល្លារអាមេរិក។ ក្រុមហ៊ុននេះ កំពុងជួបនឹងបញ្ហាដែលមិនអាចសងបំណុលតាមកំណត់ទៅកាន់ម្ចាស់បំណុល។
ភាគហ៊ុនចំនួន ១.៣ប៊ីលាន ដែលដាក់លក់ចេញនៅពេលនេះ គឺស្មើនឹងប្រមាណ ១៤.៦%នៃភាគហ៊ុនសរុបនៅក្នុងធនាគារ Shenjiang។ ក្រុមហ៊ុន Evergrande បានកាន់កាប់ភាគហ៊ុនចំនួន ៣៦.៤% នៅក្នុងធនាគារ Shenjiang គិតត្រឹមចុងឆ្នាំ២០២០ ហើយភាគហ៊ុននេះ បានដាក់លក់ជាបន្តបន្ទាប់ចាប់តាំងពីក្រុងហ៊ុនធ្លាក់ចូលក្នុងវិបត្តិបំណុលកាលពីពាក់កណ្តាលឆ្នាំ២០២១៕
ដោយ៖យ៉ាន អាន