មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្រើនរំលឹកដល់អង្គភាពចំណុះដែលមានមូលដ្ឋាននៅតំបន់ព្រំដែន ត្រូវបង្កើនការទំនាក់ទំនង និងរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនឲ្យបានម៉ឺងម៉ាត់បំផុត
ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿនរបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានធ្វើឡើងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារយោធា ប្រចាំខែសីហា និងដាក់ចេញទិសដៅការងារយោធា ប្រចាំខែកញ្ញា ឆ្នាំ២០២២ និងបំពាក់ឋារនន្ដរសកិ្ដ ជូនដល់នាយទាហាន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។
នៅក្នុងកិច្ចប្រជុំនោះផងទៀត ក៏មានការបំពាក់ឋានន្តរស័ក្តិ ជូនដល់នាយទាហានជាច្រើនរូប ដែលមានស្នាដៃក្នុងកិច្ចការពារបូរណភាពទឹកដី និងការចូលរួមក្នុងវិស័យសង្គមធម៌ មនុស្សធម៌ និងវិស័យនានាជាច្រើនទៀត នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ហើយពិធីនេះក៏មានការចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ មេបញ្ជាការវរសេនាតូចទាំង២ កងអនុសេនាធំ មេបញ្ជាការក្រុង-ស្រុក នាយការិយាល័យ នាយផ្នែក និងអង្គភាពចំណុះ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារផងនោះដែរ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានក្រើនរំលឹកដល់ នាយទាហាន ដែលទើបបានទទួលការតម្លើងឋារនន្ដរស័កិ្ដថ្មី ត្រូវយកចិត្តទុកដាក់បំពេញការងារឱ្យបានល្អជាបន្ដទៀត និងតាមបណ្ដាលអង្គភាព ដែលមានមូលដ្ឋាននៅតំបន់ព្រំដែន កម្ពុជា-ថៃ និង កម្ពុជា-ឡាវ ត្រូវយកចិត្តទុកដាក់បង្កើនក្នុងកិច្ចការពារបូរណភាពទឹកដី និងការងារទំនាក់ទំនងអោយបានល្អ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសបទល្មើសគ្រឿងញៀន ឲ្យបានម៉ឺងម៉ាត់បំផុត ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានជំរុញដល់បណ្តាគ្រប់អង្គភាពចំណុះទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ហ្វឹកហ្វឺនតាមបណ្តាលកងឯកភាព នូវយុទ្ធវិធីជំនាញជាក់ស្តែង ការងារអប់រំចិត្តសាស្ត្រ អប់រំសតិអារម្មណ៍ ការងារបំផុសចលនាប្រឡងប្រណាំង នៅតាមបណ្តាអង្គភាព ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងហាមដាច់ខាតមិនឲ្យមានការប្រើប្រាសគ្រឿងញៀន នៅក្នុងអង្គភាពនោះឡើយ ៕ ដោយ៖ឡុង សំបូរ