មីយ៉ាន់ម៉ាសម្លឹងឃើញប្រាក់ចិន និងរុស្ស៊ី ជំនួសប្រាក់ដុល្លារអាមេរិក
មីយ៉ាន់ម៉ា៖មីយ៉ាន់ម៉ាចង់ពង្រីកការប្រើប្រាស់រូបិយបណ្ណ របស់ចិន និងរុស្ស៊ីក្នុងគោលដៅកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ អ្នកនាំពាក្យនៃរបបយោធា ដែលកំពុងកាន់អំណាចបញ្ជាក់ ថា ប្រទេស មួយចំនួនកំពុង ប្រើប្រាក់ដុល្លារ “ដើម្បីសម្លុតធ្វើបាប ប្រទេសតូចៗ”។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP នៅថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២២។
មេដឹកនាំរបបយោធាភូមា លោក មីន អ៊ុងឡាំង បានពិភាក្សាអំពីការ ជំនួស ប្រាក់ដុល្លារដោយរូបិយបណ្ណផ្សេង ទៀតដូចជា ប្រាក់យ័ន ប្រាក់រ៉ូពី និងប្រាប់រូប្លិ៍ ព្រមទាំងប្រព័ន្ធដោះដូរទំនិញ ដោយមិនប្រើ រូបិយបណ្ណជាដើម។ ការជជែកនេះធ្វើឡើងនៅក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាដឺមៀរ ពូទីន កាលពីដើមខែកញ្ញា។ នេះបើតាមលោកឧត្តមសេនីយ៍ទោ Zaw Min Tun អ្នកនាំពាក្យក្រុម ប្រឹក្សា រដ្ឋមីយ៉ាន់ម៉ា ដែលបានថ្លែង កាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា។
អ្នកនាំពាក្យរូបនេះ បានបន្តថា ប្រទេសទាំងពីរគឺ មីយ៉ាន់ម៉ា និងរុស្ស៊ី បាន ឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីប្រើប្រាស់ប្រព័ន្ធផ្លាស់ ប្តូរទំនិញ ចំពោះការនាំចូលជីពីប្រទេសរុស្ស៊ីមកកាន់មីយ៉ាន់ម៉ា ខណៈដែលការទិញប្រេងពីរុស្ស៊ីនឹងត្រូវបង់ជាប្រាក់រូបរុស្ស៊ី។ មីយ៉ាន់ម៉ារំពឹងថា ប្រេងដែលបញ្ជាទិញពីរុស្ស៊ី នឹងមកដល់ប្រទេស នេះ នៅប៉ុន្មានថ្ងៃខាងមុខទៀត។
ធនាគារកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា និងរុស្ស៊ីកំពុងពិភាក្សាអំពី ការបង់ប្រាក់ដោយផ្ទាល់ជារូបិយបណ្ណរូបរុស្ស៊ី និងរូបិយបណ្ណគីយ៉ាត របស់មីយ៉ាន់ម៉ា សម្រាប់ការទូទាត់ទំនិញរវាងប្រទេសទាំងពីរ។ នេះបើតាមលោក Zaw Min Tunបញ្ជាក់។
អ្នកនាំពាក្យក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ាដដែលនេះ បានបញ្ចាក់ថា មីយ៉ាន់ម៉ាក៏នឹងអនុញ្ញាតឱ្យប្រើប្រាស់កាត Mir ក្នុងពេលឆាប់ៗនេះ (ប្រព័ន្ធទូទាត់តាមកាតរបស់រុស្ស៊ីសម្រាប់ការផ្ទេរប្រាក់អេឡិចត្រូនិកដូច Visa card) និងអនុញ្ញាតឱ្យមានការប្រើប្រាស់ ប្រព័ន្ធផ្ញើ សារហិរញ្ញវត្ថុរបស់ធនាគាររុស្ស៊ី ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។
លោករំពឹងថាពាណិជ្ជកម្មទេ្វភាគីនឹងកើនឡើង នៅពេលធនាគារ កណ្តាលនៃប្រទេសទាំងពីរចុះកិច្ចព្រមព្រៀងជាមួយគ្នា នាពេល ខាងមុខ។
លោក Zaw Min Tun លើកឡើងថា ចំណងមិត្តភាពដ៏កក់ក្តៅ រវាងរបបយោធាមីយ៉ាន់ម៉ា និងរុស្ស៊ី អាចជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ សំខាន់ៗ ខណៈតម្លៃទំនិញផ្នែកថាមពលកំពុងឡើងថ្លៃ។ លោកបន្តថា ទីភ្នាក់ងាររដ្ឋាភិបាលនិងសេវាដឹកជញ្ជូន សាធារណៈនឹង ត្រូវបានផ្តល់អាទិភាពក្នុងការចែកចាយ ប្រេងឥន្ធនៈដែលនាំចូលពីរុស្ស៊ី។លោកអះអាងថាមីយ៉ាន់ម៉ាក៏មានគម្រោងសាងសង់រោងចក្រនុយក្លេអ៊ែរតូចមួយនៅប៉ុន្មានឆ្នាំខាងមុខនេះដែរ៕
ដោយ៖ CPA/យ៉ាន អាន
ប្រភព៖ www.scmp.com