អាជ្ញាធរខេត្តភាគពាយ័ព្យរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង
ភ្នំពេញ ៖ អាជ្ញាធរនៅតាមបណ្តាខេត្តទិសពាយ័ព្យបានដាស់តឿន ឱ្យ ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីទប់ទល់នឹងស្ថានភាពជំនន់ទឹកភ្លៀងដែលនឹងអាចកើតមាន។ការក្រើនរំលឹកនេះខណៈដែល ភ្លៀង ចាប់ផ្តើមធ្លាក់ខ្លាំងៗបណ្តាលឲ្យកន្លែងមួយចំនួននៅ ខេត្តទាំង នេះ ត្រូវជន់លិចជាបន្តបន្ទាប់។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងថា ខេត្តបន្ទាយមានជ័យបានទទួលរងផលប៉ះពាល់ គ្រោះទឹកជំនន់ ធម្មជាតិ និងជំនន់ពីប្រទេសថៃធ្វើឲ្យមានការជន់លិចជារៀង រាល់ ឆ្នាំ។លោកបន្តថា៖«សម្រាប់ឆ្នាំ នេះនៅក្នុងខេត្តបន្ទាយមានជ័យ យើង មិនទាន់មានរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នៅតំបន់ ណា មួយនៅឡើយទេ គ្រាន់តែនីវ៉ូកម្ពស់ទឹកមានការកើនឡើង នៅ តំបន់មួយចំនួន ដូចជាស្រុកម៉ាឡៃ និងស្រុកមង្គលបុរី»។
បើតាមលោក ង៉ោ ម៉េងជ្រួន ការកើនឡើងកម្ពស់ទឹកនេះ ទោះ ជាមិនទាន់ជាសញ្ញាបង្ហាញថា ជាគ្រោះទឹកជំនន់ តែអាជ្ញាធរ បានត្រៀមកម្លាំងតាមដាន និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។លោកថា៖«ជាក់ស្តែងនៅក្នុង ស្រុកមង្គលបុរីយើងកំពុង សស្រោក សស្រាំផ្សព្វផ្សាយនិងតាមដានសភាពការណ៍ទឹកដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។ជាពិសេសការបញ្ចៀសហេដ្ឋា រចនាសម្ព័ន្ធផ្លូវទឹក នេះ ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់ផលដំណាំនិងផ្ទះ សម្បែង ប្រជាពលរដ្ឋ។
រីឯអភិបាលរងខេត្តសៀមរាបអះអាងស្រដៀងគ្នានេះដែរ។ លោក លី សំរិទ្ធិ អភិបាលរងខេត្តសៀមរាបបានថ្លែង ថា៖ «តាមការប៉ាន់ ប្រមាណយើងត្រូវត្រៀមទឹកជំនន់មួយ។ ប៉ុន្តែជាជំនន់ទឹកភ្លៀង មកពីខាងជើងព្រោះក្រុង សៀមរាបជាទំនាប។អញ្ចឹងទេមក ពីតំបន់ភ្នំនៅខាងជើង មកពីភ្នំគូលែនហូរចុះធ្លាក់មកទន្លេសាប»។
លោកអភិបាលរងខេត្តអះអាងថា ក្រុងសៀមរាបនឹងមិនមាន បញ្ហា ដោយសារជំនន់ទឹកភ្លៀងនោះទេ។ ក៏ប៉ុន្តែភាគខាងជើងមួយចំនួន នឹងអាចលិចស្រែ ដំណាំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ មួយ ចំនួន។
លោក លី សំរិទ្ធិ បញ្ជាក់ថាអាជ្ញាធរខេត្តសៀមរាបនិង គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃពុធ ទី២១ ខែកញ្ញា បានបើកកិច្ចប្រជុំមួយ ដើម្បីដោះស្រាយបញ្ហា ប្រឈម នឹងទឹកជំនន់។លោកថា៖ «គោលដៅរបស់យើង គឺ ដើម្បី កុំឱ្យ ពលរដ្ឋគ្រោះថ្នាក់ដោយសារទឹកជំនន់មិនឲ្យសិស្សានុសិស្សអត់សាលារៀនមិនឲ្យបងប្អូនអត់ស្បៀងអាហារ និងឆ្លងជំងឺផ្សេងៗ។ អញ្ចឹង យើងត្រៀមគ្រប់យន្តការដើម្បីដោះ ទោះជាមិនមាន ក៏ដោយ»។
កាលពីថ្ងៃទី២១ខែកញ្ញាមានការជន់លិចក្រុងសៀមរាបមួយរយៈពេលខ្លីដោយសារទឹកភ្លៀង។ លោក លី សំរិទ្ធិ បញ្ជាក់ថា៖«ការជន់លិច រយៈពេលខ្លីនេះដោយសារតែភ្លៀងធ្លាក់មានស្ថានភាពខ្លាំងនិងរយៈពេលយូរ»។
ចំពោះខេត្តឧត្តរមានជ័យវិញ រដ្ឋបាលខេត្តបានក្រើនរំលឹកជាប្រចាំឱ្យ ពលរដ្ឋប្រុងជើងការណ៍ខ្ពស់ នៅពេលមានភ្លៀងធ្លាក់ខ្លាំងជា បន្ត បន្ទាប់ ។
ចំណែករដ្ឋបាលខេត្តឧត្តរមានជ័យបានផ្សាយព័ត៌មានតាមទំព័រហ្វេសប៊ុករដ្ឋបាលខេត្តជាប្រចាំពីកម្ពស់ទឹកនៅអាងតាម៉ុក ដែលហក់ ឡើងលឿននៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗ។
កាលពីថ្ងៃទី១៩ខែកញ្ញាអាជ្ញាធរបានផ្អាក ចរាចរណ៍ឆ្លងកាត់ស្ពាន តាម៉ុកជាបណ្ដោះអាសន្នព្រោះទឹកក្នុងអាងតាម៉ុកមានកម្ពស់ ៣,៩៤ ម៉ែត្រខណៈកម្រិត កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ ម៉ែត្រ ។ចំណែឯកម្រិតកម្ពស់ប្រកាសអាសន្ន៤,៥០ម៉ែត្រ។ទោះ យ៉ាង ណាគិតត្រឹមព្រឹកថ្ងៃទី២២ខែកញ្ញាកម្ពស់ទឹកនៅអាងតាម៉ុកស្ថិតក្នុងសភាព ធម្មតាវិញ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអះអាងពីការ ត្រៀម ខ្លួនយ៉ាងរួចរាល់ក្នុងតាមដានស្ថានភាពទឹក ជំនន់នៅតាម បណ្តាខេត្តនិងត្រៀមកម្លាំងចេញអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋ។ការអះអាងនេះ គឺស្របពេលដែលក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីទឹកជំនន់ដែលអាចកើតមាន។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក គឺចាប់ពីថ្ងៃ ទី២១ដល់ថ្ងៃទី២៧កញ្ញា កម្ពុជានឹងរងផលប៉ះពាល់ពី សម្ពាធ ខ្ពស់ នៅលើប្រទេសចិន ដែលរុញច្រានប្រព័ន្ធសម្ពាធទាប រំកិលចុះមក ក្រោម អូសបន្លាយកៀកមកលើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគ ឦសានកម្ពុជា។ ស្ថានភាពនេះ តំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន លាយឡំនឹងខ្យល់កន្ត្រាក់៕
ដោយ៖សេក ប្រាក់ សកម្មភាពរដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងការត្រៀមជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង(រូបថតហ្វេសប៊ុករដ្ឋបាលខេត្ត)