លោក ហ្សេឡេនស្គី អំពាវនាវឱ្យប្រជាជនរុស្ស៊ីប្រឆាំងនឹងការបញ្ជាកេណ្ឌទ័ពរបស់លោក ពូទីន
អ៊ុយក្រែន៖ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី កាលពីថ្ងៃព្រហស្បតិ៍ទី ២៣ ខែកញ្ញា បានអំពាវនាវឱ្យប្រជាជនរុស្ស៊ី ប្រឆាំងតវ៉ានឹងបទបញ្ជាកេណ្ឌទ័ពបីសែននាក់ របស់មេដឹកនាំរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ចំពេលមានបាតុកម្មតវ៉ានឹងការកេណ្ឌទ័ពនិងការភៀសខ្លួនរបស់ប្រជាជនរុស្ស៊ីទ្រង់ទ្រាយធំ។
លោក ហ្សេឡេនស្គី ថ្លែងក្នុងសេចក្ដីសង្ខេបព័ត៌មានប្រចាំថ្ងៃរបស់លោកថា៖ «ត្រឹមតែ៦ខែ ទាហានរុស្ស៊ី ៥៥ ០០០ នាក់ បានស្លាប់ក្នុងសង្រ្គាម»។ បើទោះបីជាចំនួននេះ ខុសឆ្ងាយពីតួលេខរបស់ក្រសួងការពារជាតិរុស្ស៊ីក្ដីលោក ហ្សេឡេនស្គី បន្តថា៖ «ចង់ទៅស្លាប់ថែមទៀត? បើអត់ទេត្រូវប្រឆាំងតវ៉ា រត់ចេញ ឬចុះចូល ជាមួយទ័ពអ៊ុយក្រែន។អ្នកទាំងអស់គ្នា(ប្រជាជនរុស្ស៊ី)គ្មានជម្រើសអ្វីផ្សេងដើម្បីរស់នោះទេ»។
មេដឹកនាំអ៊ុយក្រែនដដែលលើកឡើងទៀតថា៖ «ដោយសារតែអ្នកទាំងអស់គ្នានៅស្ងៀម អ្នកទាំងអស់បានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឃាតកម្ម និងការធ្វើទារុណកម្មលើជនជាតិអ៊ុយក្រែន»។
លោក ហ្សេឡេនស្គី បន្ថែមទាំងមុតមាំថា៖ «ឥឡូវនេះដល់ពេលដែលអ្នកត្រូវធ្វើការជ្រើសរើស។ សម្រាប់បុរសៗរុស្ស៊ី វាគឺជាជម្រើសស្លាប់ រស់ ថាខ្លួនចង់បានសុខភាពល្អរស់នៅសុខស្រួល ឬពិការខ្ទេចខ្ទាំ។ ហើយសម្រាប់ស្រ្តីៗរុស្ស៊ី ជម្រើសរបស់អ្នកទាំងអស់គ្នា គឺត្រូវសម្រេចចិត្តថា ត្រូវព្រាត់ប្រាស់ប្ដី កូន ចៅជារៀងរហូត ឬក៏ត្រូវការពារពួកគេមិនឱ្យទៅស្លាប់ក្នុងសង្រ្គាមរបស់លោកពូទីន»។
ការអំពាវនាវបែបចំអកបែបនេះរបស់លោក ហ្សេឡេនស្គី ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក ពូទីន ប្រកាសពីការកេណ្ឌទ័ពបម្រុងបីសែននាក់ ដើម្បីយកទៅច្បាំងជាមួយអ៊ុយក្រែន។កំណែននេះ បង្កឱ្យមានភាពចលាចលក្នុងប្រទេស រួមទាំងបាតុកម្មប្រឆាំងតវ៉ា និងការភៀសខ្លួន។
មនុស្សជាង ១ ៣០០ ត្រូវបានប៉ូលិសរុស្ស៊ីចាប់ខ្លួន ក្នុងការប្រឆាំងតវ៉ាទូទាំងប្រទេស ខណៈមានសេចក្ដីរាយការណ៍ផ្សេងទៀតថា ព្រលានយន្តហោះចេញត្រូវកកស្ទះ ខណៈសំបុត្រយន្តហោះក៏ឡើងថ្លៃកប់ពពក ដោយសារតែការរត់គេចចេញទៅក្រៅស្រុក បន្ទាប់ពីកំណែនទ័ពត្រូវបានប្រកាសឡើង។ ទោះយ៉ាងណាក៏ដោយ រុស្ស៊ីហៅការតវ៉ារបស់ប្រជាជនថាខុសច្បាប់ និងមានលក្ខណៈទ្រង់ទ្រាយតូច ហើយថា ព័ត៌មានដែលថា ពលរដ្ឋរុស្ស៊ីគ្រប់អាយុបម្រើទាហាននាំគ្នារត់ចេញពីស្រុកនោះ គឺជាព័ត៌មានក្លែងក្លាយ៕
ដោយ៖ហួន ឌីណា