រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងឱ្យ​ពលរដ្ឋមាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះមហន្តរាយ​ទឹកជំនន់

អត្ថបទដោយ៖
CPA

សៀមរាប៖រដ្ឋ​បាល​ខេត្ត​សៀម​រាបបាន​ជូនដំណឹង​ដល់អាជ្ញាធរ​មូល​ដ្ឋាន​ដែល​ពាក់​ព័ន្ធ ប្រជាពលរដ្ឋ និង​សាធារណៈជន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ តាម​ដាន ​គ្រប់​គ្រង និងឆ្លើយតប​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ឲ្យ​បាន​ទាន់​ពេល​វេលា​។តំបន់​មួយ​ចំនួន​ដែល​ស្ថិត​ក្នុង​​ខេត្ត​នឹង​​រង​គ្រោះពី​ទឹក​ជំនន់ ហើយ​វា​​អាចនឹង​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ផ្សេង​ៗដូច​ជា បាត់​បង់​ជីវិត និង​បាត់​បង់​ទ្រព្យ​សម្បត្តិ​ជា​ដើម​។នេះបើយោងសេចក្ដីជូនដំណឹង ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ។

សេចក្ដី​ជូន​ដំណឹង​របស់រដ្ឋបាលទេសចរណ៍មួយនេះ​បាន​បញ្ជាក់​ថា អាជ្ញាធរ​នៅ​តាម​មូល​ដ្ឋាន​នីមួយ​ៗត្រូវ​ត្រៀម​សម្ភារៈនិង​មធ្យោបាយ​ផ្សេង​ៗ ដើម្បី​ផ្សព្វ​ផ្សាយនិង​ចុះ​ធ្វើ​ការ​ណែ​នាំ​ទៅ​កាន់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន នូវ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​។ ជា​ពិសេស កុមារ និង​ជន​ងាយ​រង​គ្រោះ ដែល​ពួគ​គាត់​អាច​ជួប​ប្រទះ​នូវ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត ដែល​បង្ក​ឡើង​ដោយ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ផង​ដែរ​។

ប្រភពដដែលបន្តថា រដ្ឋ​បាល​ខេត្ត​សៀម​រាបកំពុង​តែ​បន្ត​ការ​តាម​ដាន​ស្ថាន​ភាព​អាកាស​ធាតុ​ជា​ប្រចាំ ដោយ​ពឹង​ផ្អែក​លើ​ការ​ព្យាករណ៍​របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយមដែល​បញ្ជាក់​ថា​ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​សៀម​រាប នឹង​ទទួល​រង​បរិមាណ​ទឹក​ភ្លៀង​ច្រើន ហើយ​វា​នឹង​បង្ក​ជា​ទឹក​ជំនន់​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​កញ្ញាម្សិលមិញនេះក្នុង​ខេត្ត​សៀម​រាបមានភ្លៀងធ្លាក់ជា​បន្ត​បន្ទាប់​ដែល​បណ្តាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​ចំនួន ៥ ៨៧២ គ្រួសារ នៃភូមិ​ចំនួន ១៨៤​ភូមិ ​ឃុំ​ចំនួន​៤១ នៃ​ស្រុកចំនួន​៨ រួម​មាន ស្រុក​ស្រី​ស្នំ ស្រុក​ក្រឡាញ់ ស្រុក​ជី​ក្រែង ស្រុក​អង្គរ​ជុំ ស្រុក​វ៉ារិន ស្រុក​ពួក ស្រុក​ប្រាសាទ​បាគង និង​ស្រុក​សូទ្រ​និគមដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់ និង​ជំនន់​ទឹក​ភ្លៀង​។

ក្រៅ​ពី​ប៉ះ​ពាល់​ដល់​លំនៅ​ឋាន​និង​ប្រជា​ពលរដ្ឋ​នោះ ទឹក​ជំនន់​នេះបាន​ប៉ះ​ពាល់​ដល់​ស្រូវ​ពង្រោះ​ចំនួន​ ៦.១២៥​ហិកតា ដំឡូង​មី ចំនួន ១.៥៧៨​ហិកតា លិច​ទី​ធ្លា​សាលា​រៀន ៣៣​កន្លែង លិច​បរិវេណ​មណ្ឌល​សុខ​ភាព ០៤​កន្លែង អាគារ​រដ្ឋ​បាល​ឃុំ​ ប៉ុស្តិ៍​រដ្ឋ​បាលប្រាំពីរ​កន្លែង លិច​បរិវេណ​វត្តប្រាំមួយកន្លែង លិច​ផ្លូវប្រវែង ៧៨.៤២៦​ម៉ែត្រ និង​ខូច​ខាត​ប្រវែង ២.៣៦៦ម៉ែត្រ​លិច​ខ្នង​ទំនប់​ ខ្នង​ប្រឡាយ ប្រវែង ១៩.២២៣ម៉ែត្រ និង​ខូច​ខាត​ប្រវែង ៩៥​ម៉ែត្រ លិច​ស្ពាន ១​កន្លែង និង​ខូច​ខាត​ប្រវែង ១០​ម៉ែត្រ ងាប់គោ​ចំនួន ១​ក្បាល ងាប់​មាន់​ទា​សរុប​ចំនួន ៦៧៦​ក្បាល​៕

ដោយ៖ជា សុខនី

ads banner