ថ្ងៃភ្ជុំបិណ្ឌប្រជាពលរដ្ឋច្រើនកុះករអញ្ជើញទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅតាមវត្តអារាមនានា ក្នុងខេត្តរតនគិរី

រតនគិរី ៖ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ យើងសង្កេត ឃើញបងប្អូនប្រជាពលរដ្ឋទាំងក្មេងចាស់ ប្រុសស្រី ដែលគោរពជឿជាក់លើព្រះពុទ្ធសាសនាបានធ្វើដំណើរតាមរយៈរថយន្ត ម៉ូតូ និងខ្លះដោយថ្មើជើងសំរាប់ផ្ទះជិតវត្ត ដៃយួរចង្ហាន់មានបាយម្ហូប ផ្លែឈើទឹកក្រូច ទឹកសុទ្ធ បច្ច័យបួន ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងទីអារាមនានាក្នុងខេត្តរតនគិរី ដើម្បីឧទ្ទិសកុលទៅដល់បុព្វការីជន មានជីដូនជីតា បងប្អូន និងញ្ញាត្តិការទាំង ៧សណ្តាន ដែលបានចែកឋានទៅលោកខាងមុខហើយនោះរៀងៗខ្លួន។

ខណៈដែលវត្តអារាមនានាមមារញឹកខ្លាំង ជាមួយពិធីបុណ្យភ្ជុំបិណ្ឌ ដែលមានរយៈពេល ១៥ថ្ងៃនេះ មានប្រជាពលរដ្ឋខ្មែរ ប្រុសស្រី ចូលរួមប្រតិបត្តិនៅក្នុងពិធីមួយនេះយ៉ាងច្រើនកុះករដែរ ។ ជាក់ស្ដែង ដូចជាវត្តឥសាន្តរតនារាម ហៅ វត្តភ្នំស្វាយ ដែលជាវត្តមួយនៅក្នុងក្រុងបានលុងក៏មានសភាព មមារញឹកខ្លាំងកំឡុង ពេលបុណ្យភ្ជុំបិណ្ឌនេះដែរ ។ ប្រជាពលរដ្ឋ ដែលចូលរួមនៅក្នុងថ្ងៃដ៏ពិសេសនេះបាន អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសីលធម៌ និង ទំនៀមទម្លាប់ ដែលខ្មែរមានតាំងពីបុរមបុរាណមក។ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ បើទោះជាខេត្តរតនគិរីមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃក្តី តែក៏នៅមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនបានធ្វើដំណើរទៅវត្តអារាម យកចង្ហាន់ទៅប្រគេនព្រះសង្ឃ ស្តាប់ព្រះសង្ឃសូត្រធម៌បង្សុកូល និងចម្រើនព្រះបរិត្ត ខ្លះសមាទានសីល៥ និងធ្វើពិធីរាប់បាត្រទៅតាមប្រពៃណីព្រះពុទ្ធសាសនា។

ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺមានបងប្អូនប្រជាពលរដ្ឋខ្លះបានចេញដំណើរទៅដាក់បិណ្ឌជិតឬនៅទីឆ្ងាយៗ និងនៅតាមស្រុកកំណើតរបស់ពួកគាត់ ខ្លះទៀតក៏ឆ្លៀតពេលទៅដើរលេងនៅតាមរម្មណីយដ្ឋាននានា តាមតែខ្លួនចង់ទៅ។ជាពិសេសក្នុងថ្ងៃភ្ជុំធំនេះតែម្តង ប្រជាពលរដ្ឋបាននាំគ្នាយកចង្ហាន់ទៅវត្តគ្រប់ៗគ្នា ទៅតាមលទ្ធភាពធនធាន និងសទ្ធាជ្រះថ្លារបស់ខ្លួន។ ដោយឡែកសន្តិសុខ
សណ្តាប់ធ្នាប់ក៏ល្អប្រសើរ ទាំងនៅតាមគេហដ្ឋានប្រជាពលរដ្ឋតាមវត្តអារាម និងនៅតាមទីសាធារណៈនានាក្នុងខេត្តរតនគិរី។

គួររំលឹកថា បុណ្យភ្ជុំបិណ្ឌជាពិធីដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ និងក្នុងវប្បធម៌ខ្មែរ។ ក្នុងរយៈពេល១៥ថ្ងៃ គឺ ចាប់ពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃទី១៥ ឬហៅថាថ្ងៃភ្ជុំធំ ប្រជាពលរដ្ឋខ្មែរ នៅតាមភូមិនីមួយៗបានចែកវេនគ្នាធ្វើបាយម្ហូបជាចង្ហាន់យកទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលដល់ញាតិការទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅ ។ គេមានជំនឿថាពេលមនុស្សស្លាប់ទៅព្រលឹងអ្នកស្លាប់នោះអាចទៅកើតនៅស្ថានទេវលោក ឬក៏ស្ថាននរក ប្រេតជាដើម ។ ចំពោះករណីអ្នកទៅកើតនៅស្ថាននរកប្រេត គឺមានតែការប្រគេនចង្ហាន់ដល់ព្រះសង្ឃឲ្យលោក ឧទ្ទិស កុសលជូនទៅប៉ុណ្ណោះទើបអាចទៅដល់ ។ អាស្រ័យដោយពិធីបុណ្យនេះក្នុងមួយឆ្នាំមាន រយៈពេល១៥ថ្ងៃ ហេតុ ដូច្នេះហើយទើប ពលរដ្ឋខ្មែរនាំគ្នាធ្វើបុណ្យនេះតាមជំនឿពី ដូនតាមកដើម្បីឲ្យចិត្តជ្រះថ្លា៕ ដោយ៖ គតិ យុត្ត

ads banner