តុលាការសម្រេចឃុំខ្លួន អ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវ ចំនួន ៩នាក់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ (ទទួលផលចោរកម្ម)
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ បានចេញដីកាសម្រេចឃុំខ្លួន អ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវ ចំនួន៩នាក់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ (ទទួលផលចោរកម្ម) ក្នុងចំណោមជនជាប់សង្ស័យទាំង៩នាក់នោះ គឺមានស្ត្រីម្នាក់ កំពុងបែកបាក់ប្តីប្រពន្ធ ដោយបន្សល់ទុកកូន៣នាក់ឈឺ ដែលក្នុងនោះ ខ្លះដេកនៅផ្ទះ និងខ្លះទៀត កំពុងដេកនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែដោយមានបទល្មើសតុលាការ ចាត់ការតាមនីតិវិធី ។
សូមជម្រាប់ថា ជនត្រូវចោទ ទាំងចំនួន៩នាក់ ខាងលើនេះ រួមមាន៖ ១-ឈ្មោះ លី វ៉ានឆៃ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មកររុញម៉ូតូនៅហាងបញ្ចាំ ពន្លឺខ្សាច់មាស។ ២-ឈ្មោះ ធន់ ធី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរបុគ្គលិក។ ៣-ឈ្មោះ ស៊ុន ហាច ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរទិញ-លក់ម៉ូតូ។ ៤-ឈ្មោះ ស៊ឹម សុខា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរបុគ្គលិក។ ៥-ឈ្មោះ ប៉េង ឡេង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបុគ្គលិក។ ៦-ឈ្មោះ រឿង សុវណ្ណរ៉េត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរអ្នកយាមឃ្លាំង។ ៧-ឈ្មោះ ប៊ុន សុខលីម ភេទស្រី អាយុ ៤២ឆ្នាំ អ្នកបោសសម្អាត និងមើលផ្ទះ។ ៨-ឈ្មោះ និត នឿន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរបុគ្គលិក និង៩-ឈ្មោះ មួង សុណា ហៅ ស្រីមុំ ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ពេលភ្ជុំហើយភ្លាម អាជ្ញាធរបានចាប់ផ្តើម ចុះពិនិត្យតាមឃ្លាំងបញ្ចាំទៀត ដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ អញ្ជើញចុះពិនិត្យឃ្លាំងមួយកន្លែង ដែលចាក់សោជាប់ពីខាងក្រៅ ស្ថិតនៅចំណុចផ្លូវលេខ៣២៤ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ៕ ដោយ៖ ឆៃហួត និងប៊ុនធី
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-28_13-24-20-1024x768.jpg)
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-28_13-24-11.jpg)
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-28_13-24-15-1024x768.jpg)