កូរ៉េខាងត្បូង៖ កូរ៉េខាងជើងអាចនឹងធ្វើតេស្តនុយក្លេអ៊ែរ ចន្លោះពីពាក់កណ្ដាលខែតុលា ដល់ដើមខែវិច្ឆិកា
សេអ៊ូល៖ សមាជិកសភាកូរ៉េខាងត្បូង បានអះអាងនៅថ្ងៃពុធ ទី២៨ ខែកញ្ញា នេះថា កូរ៉េខាងជើង បានបញ្ចប់ការត្រៀមលក្ខណៈរួចរាល់សម្រាប់ការសាកល្បងនុយក្លេអ៊ែរ ដែលអាចនឹងឱ្យប្រទេសនេះធ្វើការសាកល្បង ក្នុងចន្លោះពីថ្ងៃទី ១៦ ខែតុលា ដល់ថ្ងៃទី ៧ ខែវិច្ឆិកា។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការរៀបចំការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលនឹងធ្វើឡើងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ ត្រូវបានរៀបចំឡើងនៅកន្លែងសាកល្បងរូងក្រោមដី Punggye-ri ជាកន្លែងដែលក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងចំនួនប្រាំមួយដងរួចមកហើយរាប់តាំងពីឆ្នាំ ២០០៦។ នេះបើតាមសម្ដីរបស់សមាជិកសភា២រូប ដែលបញ្ជាក់លើព័ត៌មានដែលបានមកពីសេវាស៊ើបការណ៍ជាតិ (NIS) របស់កូរ៉េខាងត្បូង ។
សមាជិកសភាទាំងពីរ រួមមានលោក Yoo Sang-bum និងលោក Youn Kun-young បានអះអាងថា ពេលវេលានៃការធ្វើតេស្តនេះ អាចត្រូវបានកំណត់ឱ្យដំណាលគ្នា នឹងព្រឹត្តិការណ៍ផ្សេងៗដូចជា សមាជបក្សនៅក្នុងប្រទេសចិនដែលជាសម្ព័ន្ធមិត្ត និងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក ដែលជាគូប្រជែង។ សមាជិកសភាដដែលក៏បន្ថែមផងដែរថា វាក៏នឹងអាស្រ័យលើការគ្រប់គ្រងស្ថានភាពកូវីដរបស់ក្រុងព្យុងយ៉ាង។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសជ័យជម្នះលើការគ្រប់គ្រងកូវីដ-១៩ និងបានបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនកាលពីខែមុនទោះបីជាប្រទេសនេះ មិនបានបញ្ជាក់ថាមានមនុស្សប៉ុន្មាននាក់បានឆ្លងជំងឺនេះក៏ដោយ។ ជុំវិញការសាកល្បងនុយក្លេអ៊ែរដែលអាចនឹងកើតមាននាពេលខាងមុខនេះ នឹងធ្វើឡើងស្របពេលដែលភាពតានតឹងយោធាជាមួយប្រទេសជាគូប្រជែងកាន់តែខ្លាំងទៅៗ ជាពិសេសក្រោយពេលដែលកូរ៉េខាងត្បូង វិលត្រឡប់ទៅធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំឡើងវិញ ជាមួយសហរដ្ឋអាមេរិក៕ ដោយ៖ ហួន ឌីណា