អាជ្ញាធរជាតិអប្សរា៖ ភ្លៀងធ្លាក់ច្រើននៅខេត្តសៀមរាប ពុំបង្កការជន់លិចដល់ប្រាសាទ និងផ្ទះសម្បែងរបស់ប្រជាជននោះទេ
សៀមរាប៖នៅខេត្តសៀមរាបភ្លៀងដែលធ្លាក់ជាគំហុកនិងជាញឹកញាប់ ពុំបានបង្កជាការជន់លិចណាមួយនៅតាមប្រាសាទ ព្រមទាំងផ្ទះសម្បែងរបស់ប្រជាជននោះទេ។ នេះគឺជាការគូសបញ្ជាក់របស់លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២នេះ។ ការលើកឡើងដូច្នេះបន្ទាប់ពីខេត្តសៀមរាប និយាយដោយឡែក និងប្រទេសកម្ពុជាទាំងមូល និយាយជារួម រងការធ្លាក់ភ្លៀងជាបន្តបន្ទាប់។
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃអង្គារ ទី០៤ ខែតុលានេះ បានជូនដំណឹងថា ភ្លៀងនឹងនៅតែបន្តធ្លាក់បន្ថែមទៀតនៅកម្ពុជា ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១១ ខែតុលា ដោយសារតែប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើកម្ពុជាជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ ទន្ទឹមនឹងការជួប្រសព្វគ្នារវាងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនភាគខាងជើង និងសម្ពាធទាបដែលរុញពីក្រោមកម្ពុជាផង។
នៅពេលដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដូច្នេះ បើតាមការពន្យល់ពីលោក ឡុង កុសល ក្រុមការងារអាជ្ញាធរជាតិអប្សរា ត្រូវប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅតាមទ្វារទឹកនានាក្នុងខេត្តសៀមរាប ដើម្បីឃ្លាំមើលកំណើននិងបរិមាណទឹកជាប់ជាប្រចាំ ហើយត្រូវបង្វែរផ្លូវទឹកឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់ ទើបអាចបញ្ចៀសបញ្ហាជំនន់ទឹកភ្លៀងបាន។
រហូតមកទល់ពេលនេះ លោក ឡុង កុសល អះអាងថា ពុំមានការលិចលង់ណាមួយនៅតាមប្រាសាទ ឬផ្ទះប្រជាពលរដ្ឋ និងទីរួមខេត្តសៀមរាបឡើយ។ យ៉ាងណាក៏ដោយ ប្រឈមនឹងបញ្ហាធាតុអាកាសដូច្នេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានក្រើនរំឭកដល់ភ្ញៀវទេសចរដែលអញ្ជើញមកទស្សនានៅតាមបណ្ដាប្រាសាទក្នុងតំបន់អង្គរ កុំឲ្យជ្រកក្រោមដើមឈើ ឬចតយានយន្តនៅក្រោមដើមឈើនៅពេលមានភ្លៀងធ្លាក់។ នោះក៏ព្រោះតែទឹកភ្លៀងធ្វើឲ្យដីជ្រាយ រួមជាមួយខ្យល់បោកបក់ខ្លាំង អាចធ្វើឲ្យដើមឈើបាក់ឬដួលរលំ ដែលបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរជាយថាហេតុ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា៕
ដោយ៖កែវ កិរិយា