អ្នកផលិតភាពយន្តជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការ មីយ៉ាន់ម៉ា កាត់ទោស ឱ្យជាប់គុក១០ឆ្នាំ

មីយ៉ាន់ម៉ា៖ ប្រភពការទូតជប៉ុនបានអះអាងប្រាប់ទីភ្នាក់ងារ សារព័ត៌មាន អាអេហ្វប៉េ ( AFP) នៅថ្ងៃព្រហស្បតិ៍ទី ៦ ខែតុលានេះ ថា របបយោធាមីយ៉ាន់ម៉ាបានកាត់ទោសអ្នកផលិ តភាពយន្ត ជនជាតិ ជប៉ុនម្នាក់ ឱ្យជាប់គុករយៈពេល ១០ ឆ្នាំ ពីបទលើកទឹកចិត្ត ឱ្យមាន គំនិត ប្រឆាំងនឹងយោធា និងបំពានច្បាប់ទំនាក់ទំនងតាមប្រព័ន្ធ អេឡិចត្រូនិក។

អ្នកការទូតនៅស្ថានទូតជប៉ុនប្រចាំប្រទេសមីយ៉ាន់ម៉ាបានអះអាងថា លោកតូរូ គូប៊ូតា( Toru Kubota) ត្រូវបានតុលាការកាត់ទោស ដាក់គុក Insein នៅទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃពុធ ខណៈការ កាត់ក្ដីអ្នកផលិតខ្សែភាពយន្តរូបនេះ ជុំវិញសំណុំរឿងបំពានច្បាប់ អន្តោប្រវេសន៍ នៅតែបន្តនៅឡើយ។

លោក Kubota វ័យ ២៦ ឆ្នាំ ត្រូវបានចាប់ឃុំខ្លួន នៅក្បែរកន្លែង ប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាលនៅទីក្រុងយ៉ាំងហ្គោន កាលពីខែកក្កដា រួមជាមួយពលរដ្ឋមីយ៉ាន់ម៉ាពីរនាក់ផ្សេងទៀត។

ដំបូងឡើយ លោកត្រូវបានយោធាមីយ៉ាន់ម៉ា ចោទប្រកាន់ក្រោម ច្បាប់ ឧក្រិដ្ឋកម្ម ពីបទលើកទឹកចិត្តឱ្យមានការប្រឆាំងនឹងយោធា និង បំពានលើច្បាប់អន្តោប្រវេសន៍ ដែលប្រភពការទូតជប៉ុន អះអាង ថា នឹងត្រូវធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍ក្រោយ។

ជុំវិញការកាត់ក្ដីនេះ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា មិនបានបញ្ចេញការបកស្រាយយ៉ាងណាទេ។

យោងតាមប្រវត្តិរូបនៅលើគេហទំព័រ FilmFreeway លោក គូប៊ូតា ធ្លាប់ផលិតភាពយន្តឯកសារស្តីពីជនជាតិភាគតិច មូស្លីម រ៉ូហ៊ីងយ៉ា នៅមីយ៉ាន់ម៉ា និងបញ្ហាជនភៀសខ្លួន និងជនជាតិ ភាគតិចផ្សេង ទៀត ក្នុងប្រទេសមីយ៉ាន់ម៉ា។
ចាប់តាំងពីឡើងកាន់អំណាចមក របបយោធាមីយ៉ាន់ម៉ាបាន បិទ សិទ្ធិសេរីភាពសារព័ត៌មាន ចាប់ខ្លួនអ្នកសារព័ត៌មាន និងអ្នកថតរូប ក៏ដូចជាការដកហូតអាជ្ញាប័ណ្ណផ្សព្វផ្សាយជាដើម។

លោក Kubota គឺជាអ្នកកាសែតបរទេសទី៥ ដែលត្រូវបានឃុំខ្លួន ក្នុងប្រទេស មីយ៉ាន់ម៉ា។ ប៉ុន្តែអ្នកកាសែតបួននាក់ដែលចាប់ខ្លួន និងកាត់ទោសពីមុន ត្រូវបានក្រុមយោធាដោះលែង និងនិរទេស ចេញក្រៅប្រទេសអស់ហើយ។

យ៉ាងណាក៏ដោយ តាមទិន្នន័យពីខែមីនាឆ្នាំនេះ អ្នកកាសែតចំនួន ៤៨ នាក់ ស្ថិតក្នុងមន្ទីរឃុំឃាំងនៅទូទាំងប្រទេសនៅឡើយ។ នេះបើយោងតាមក្រុមឃ្លាំមើលការរាយការណ៍តំបន់អាស៊ាន។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាស្ថិតក្នុងភាពចលាចលចាប់តាំងពី មេដឹក នាំក្រុមយោធា លោក មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល ជាប់ឆ្នោត របស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈឆ្នាំ ២០២១។ ព្រឹត្តិការណ៍នេះ បានបង្កឱ្យមានការបះបោរ និងការ បង្ក្រាប ដោយយោធា ដែលបណ្តាលឲ្យមនុស្សជាង ២ ៣០០ នាក់ស្លាប់ និង ១២ ៥០០ នាក់ផ្សេងទៀតត្រូវបានចាប់ឃុំខ្លួន។

កាលពីខែកក្កដា របបយោធាបានរងនូវការថ្កោលទោស យ៉ាង ដាច់អហង្ការ និងការខឹងសម្បារជាអន្តរជាតិ ជុំវិញការកាត់ទោស ប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបួនរូប៕
ដោយ៖ហួន ឌីណា

ads banner