បណ្ដាជនថៃខឹងសម្បារ បន្ទាប់ពី CNN រាយការណ៍បំពាន វិជ្ជាជីវៈក្នុងករណីសម្លាប់មនុស្ស៣៦នាក់នៅទារកដ្ឋានណុង ប៊ូ ឡាំភូ
ថៃ៖ សមាគមអ្នកកាសែតថៃ (TJA) បានស្នើឱ្យសមត្ថកិច្ចពន្យល់ថា តើក្រុមអ្នកសារព័ត៌មាន CNN (របស់អាមេរិក) ត្រូវបានគេហៅឱ្យថត នៅកន្លែងកើតហេតុនៃការសម្លាប់រង្គាលនៅទារកដ្ឋានណុង ប៊ូ ឡាំភូ (Nong Bua Lamphu )ដែរឬទេ?។
ក្រុមប្រជាពលរដ្ឋនិងអ្នកធ្វើការផ្នែកប្រព័ន្ធផ្សាយក្នុងប្រទេសថៃ បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងនៅពេលដែលឃើញCNNផ្សាយព័ត៌មានពីក្នុងតំបន់ហាមឃាត់ឬទីតាំងឧក្រិដ្ឋកម្មនាបរិវេណទារកដ្ឋាន Nong Bua Lamphu ជាកន្លែងដែលឃាតករវ័យ៣៤ឆ្នាំម្នាក់ បានបើការវាយប្រហារដោយកាំភ្លើងនិងកាំបិទសម្លាប់មនុស្ស៣៦នាក់ក្នុងនោះមានកុមារតូចៗចំនួន២៤នាក់ផង។
ក្រុមអ្នកលេងអ៊ីនធឺណិតជាច្រើនបានចែកចាយតៗគ្នា នូវវីដេអូដែល CNNផ្សាយពីហេតុការណ៍នេះ បន្ទាប់មកក៏មានភាពចម្រូងចម្រាស និងសួរពីរបៀបភ្នាក់ងារCNNបានចូលទៅក្នុងបរិវេណហាមឃាត់នោះ។
លោក តេរ៉ាណៃ ចារ៉ូវាត្រា(Teeranai Charuvastra) អនុប្រធាន សមាគមអ្នកកាសែតថៃ ទទួលបន្ទុកសេរីភាពសារព័ត៌មាន និង កំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា សមាគមបានទទួល ពាក្យបណ្តឹងដ៏ច្រើនពីករណីដែលភ្នាក់ងារ CNN បានលុកលុយ បំពាននៅកន្លែងឧក្រិដ្ឋកម្ម ដែលប៉ូលិសបានចងខ្សែរារាំងហាម មិន ឱ្យអ្នកគ្មានសមត្ថកិច្ចចូល។
លោកបានថ្កោលទោសទង្វើរបស់ CNN ថាជាការរំលោភលើក្រម សីលធម៌អ្នកសារព័ត៌មាន យ៉ាងធ្ងន់ធ្ងរ ហើយជាគម្រូអាក្រក់ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។លោកមាន ប្រសាសន៍ ថា ៖«ទោះបីជា CNN ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងកន្លែងកើត ហេតុឧក្រិដ្ឋកម្មក៏ដោយ ក៏ក្រុមការងាររបស់ខ្លួនគួរតែដឹងថា ការផ្សាយ ព័ត៌មាននៅកន្លែងកើតហេតុឧក្រិដ្ឋកម្មគឺមិនសមរម្យទេ»។
លោកបានបន្ថែមថា៖« រូបភាព និងវីដេអូឃ្លីប ដែលCNNផ្សាយនោះ អាចនឹងបង្កឱ្យមានទុក្ខព្រួយបន្ថែមទៀតក្នុងចំណោមអ្នកទស្សនា ជាពិសេសសាច់ញាតិជនរងគ្រោះ»។
លោកបានជំរុញឱ្យទូរទស្សន៍ CNN និងមន្ត្រីរដ្ឋាភិបាលថៃ បញ្ជាក់ជា បន្ទាន់ថា តើទូរទស្សន៍ CNN ត្រូវបានអនុញ្ញាតឱ្យចូលក្នុង កន្លែង ឧក្រិដ្ឋកម្ម ឬអត់?
លោកបានមានប្រសាសន៍ថា៖«ប្រសិនបើ CNN មិនទទួលបានការ អនុញ្ញាតទេ ត្រូវតែនិយាយថា តើវានឹងផ្តល់សំណងដល់សង្គមថៃ យ៉ាងដូចម្តេច? ខណៈដែលមន្ត្រី [ដែលបំពេញភារកិច្ចនៅកន្លែង កើតហេតុ ត្រូវតែបញ្ជាក់អំពីមូលហេតុដែលពួកគេធ្វេសប្រហែស កាតព្វកិច្ចរបស់ពួកគេ ហើយត្រូវចាត់វិធានការផ្លូវច្បាប់បែបណា?
លោកក៏បានដាស់តឿនបណ្តាញសារព័ត៌មានទាំងអស់កុំយកតម្រាប់តាមការធ្វើការដោយគ្មានវិជ្ជាជីវៈរបស់ទូរទស្សន៍ CNN។
CNNបានការពារសកម្មភាពរបស់សហការីខ្លួនដោយសារសរសេរតាម Twitter បញ្ជាក់ថាខ្លួនបានទទួលការអនុញ្ញាតពីមន្ត្រី សុខាភិបាល សាធារណៈថៃឱ្យចូលទៅក្នុងកន្លែងឧក្រិដ្ឋកម្ម។ ទូរទស្សន៍ CNN បានអះអាងថា ក្រុមការងាររបស់ខ្លួនបានថតនៅទីនោះ រួមជាមួយ នឹងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ក្នុងអំឡុងពេលដែលរនាំងការពារ ទីតាំងឧក្រិដ្ឋកម្មរបស់ ត្រូវបានដកចេញ។
CNN បាននិយាយថា ៖«ពេលកំពុងថត មន្ត្រីសុខាភិបាល សាធារណៈ បីនាក់ដែលចេញពីអគារបាននិយាយជាមួយពួកគេ ហើយប្រាប់ពួកគេថាពួកគេអាចថតនៅខាងក្នុងបាន»។
សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា ក្រុមការងារCNNបាន ថតវីដេអូ និងរូបភាពនៅខាងក្នុងមជ្ឈមណ្ឌលរយៈពេលប្រហែល ១៥នាទី មុនពេលចាកចេញ។
កាលពីថ្ងៃសៅរ៍ ក្លឹបអ្នកកាសែតបរទេសនៃប្រទេសថៃ (FCCT) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការចុះផ្សាយរបស់ CNN អំពីការសម្លាប់រង្គាលថាជា «គ្មានវិជ្ជាជីវៈ និងជាការបំពានយ៉ាង ធ្ងន់ធ្ងរ លើក្រមសីលធម៌អ្នកសារព័ត៌មាន»។
សេចក្តីថ្លែងការណ៍របស់ FCCT បានបន្ថែមថា ៖« CNN គួរតែ ឆ្លើយសំណួរសាមញ្ញមួយ” ។ “តើភ្នាក់ងារCNNណាម្នាក់ ក្នុង ចំណោមបុគ្គលិកទាំងអស់របស់ពួកគេ អាចធ្វើបែបនេះ នៅឯកន្លែង ឧក្រិដ្ឋកម្មធ្ងន់ធ្ងរក្នុងសហរដ្ឋអាមេរិកដែរឬទេ?»។
មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ លោក Surachate Hakparn បាននិយាយថា អគ្គស្នងការនគរបាលថៃបានបញ្ជា ប៉ុស្តិ៍ប៉ូលីស Nong Bua Lamphu ឱ្យស៊ើបអង្កេតករណីនេះ។លោកបានបន្ថែមថា ប៉ូលិសមិនបានអនុញ្ញាតឱ្យភ្នាក់ងារទូរទស្សន៍ CNN ចូលទៅក្នុងកន្លែងឧក្រិដ្ឋកម្មទេ ព្រោះការធ្វើដូច្នេះអាចរំខាន ដល់ភស្តុតាងនៅខាងក្នុង។
លោកបាននិយាយថាសហការីទូរទស្សន៍ CNN អាចនឹងត្រូវជាប់ ពន្ធនា គាររយៈពេល ៥ ឆ្នាំ ប្រសិនបើរកឃើញថាមានកំហុសក្នុង ការទន្ទ្រានចូលកន្លែងឧក្រិដ្ឋកម្ម និងជ្រៀតជ្រែកភស្តុតាង។លោក Surachat បានថ្លែងថា៖ «ប៉ូលិសនឹងចាត់វិធានការតាមផ្លូវច្បាប់»៕
ដោយៈវណ្ណ ស័ក្តិ