មេដឹកនាំអាមេរិក-អាល្លឺម៉ង់ហៅការគំរាមប្រើនុយក្លេអ៊ែររបស់រុស្ស៊ីថា ជាទង្វើ “គ្មានការទទួលខុសត្រូវ”
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្ទនាគ្នាតាមទូរស័ព្ទនៅថ្ងៃអាទិត្យទី៩ ខែតុលានេះ ហើយបានយល់ស្របថា ការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែររបស់វិមានក្រឹមឡាំង គឺជាទង្វើ “គ្មានការទទួលខុសត្រូវ” ហើយការកេណ្ឌកងទ័ពរបស់រុស្ស៊ីក៏ “ជាកំហុសធ្ងន់ធ្ងរ” ផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអាល្លឺម៉ង់។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា កិច្ចពិភាក្សាតាមទូរស័ព្ទរយៈពេលជិតមួយម៉ោងរបស់មេដឹកនាំទាំងពីរខាងលើ គឺផ្តោតសំខាន់លើការរៀបចំសម្រាប់កិច្ចប្រជុំក្រុមប្រទេស G7 និង G20 ក្នុងពេលខាងមុខនេះ ដែលនឹងធ្វើការដោះស្រាយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន រួមទាំងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត។
បើតាមសេចក្តីថ្លែងការណ៍ដដែល លោក បៃដិន និងលោក សូលស៍ បានឯកភាពគ្នាថា នឹងមិនទទួលយកការដាក់បញ្ចូលទឹកដីអ៊ុយក្រែនពីសំណាក់រុស្ស៊ីជាដាច់ខាត ហើយថែមទាំងបានហៅវាថា ជាការកើនឡើងភាពតានតឹងបន្ថែមទៀត។
ទន្ទឹមគ្នា មេដឹកនាំទាំងពីរក៏បានយល់ស្របគ្នាដែរថា ការកេណ្ឌកងទ័ពរបស់រុស្ស៊ី បានបង្ហាញពី “តម្លៃដ៏ជូរចត់” ដែលជនជាតិរុស្ស៊ីត្រូវចំណាយសម្រាប់ការគណនាខុសរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន។
ចំណែកប្រធានបទនៃការវាយប្រហារលើបំពង់បង្ហូរឧស្ម័ន Nord Stream វិញ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថា ការបំផ្លិចបំផ្លាញនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នឹងត្រូវបានដោះស្រាយយ៉ាងម៉ឺងម៉ាត់៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា